ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក និងអង់គ្លេស បើកការវាយប្រហារតាមផ្លូវអាកាស លើក្រុងកំពង់ផែសមុទ្រក្រហម របស់យ៉េមែន

AFP

យោងតាមទូរទស្សន៍គ្រប់គ្រងដោយក្រុមឧទ្ទាមហួធី ឈ្មោះថា al-Masirah បានផ្សាយថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាស ទៅលើទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយ៉េមែន ។

ការវាយប្រហារតាមផ្លូវអាកាស ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅនៅស្រុក al-Salif ស្ថិតនៅភាគពាយ័ព្យ ប៉ុន្តែព័ត៌មានលម្អិតស្តីពីការស្លាប់ និងរបួសមិនទាន់អាចដឹងបានភ្លាមៗនោះទេ ។

អ្នកស្រុកនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងក្លាមួយ នៅជិតទីតាំងដែលគ្រប់គ្រងដោយក្រុម ហួធី ហើយក្រុម ហួធី បានគ្រប់គ្រងភាគច្រើននៃ ភាគខាងជើងប្រទេសយ៉េមែន រួមទាំងផ្នែកខ្លះនៃឆ្នេរសមុទ្រក្រហមផងដែរ ។

ក្រុមកងទ័ពសម្ព័ន្ធដែលដឹកនាំ ដោយសហរដ្ឋអាមេរិកមិនទាន់ បានធ្វើអត្ថាធិប្បាយអំពី ការវាយប្រហារនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top