ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ វាយប្រហារតំបន់ឆ្នេរសមុទ្រនៃឧបទ្វីប Kamchatka ដែនដីរបស់រុស្ស៊ី តែមិនមានទាន់មានសញ្ញាបញ្ជាក់ពី រលកយក្សស៊ូណាមិ នៅឡើយទេ

AFP

(VLADIVOSTOK)៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ី ដែលព័ត៌មានដំបូងបានបង្ហាញថា មិនមានការបំផ្លិចបំផ្លាញ ឬអ្នករងគ្រោះអ្វីនោះទេ ។

យោងតាមបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ហៅកាត់ថា (RAS) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើង នៅម៉ោង២២និង១០នាទីម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង១៩និង១០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ដែលមានចំណុចកណ្តាល នៃការរញ្ជួយដីស្ថិតនៅចម្ងាយ ១១៨គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Petropavlovsk-Kamchatsky ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃដែនដីឧទ្វីប Kamchatka ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី ហៅកាត់ (EMERCOM) ដែលជាសាខាប្រចាំនៅឧបទ្វីប Kamchatka បានឲ្យដឹងថា ព័ត៌មានបឋមបង្ហាញថា មិនមានការបំផ្លិចបំផ្លាញ ឬជនរងគ្រោះដោយសាគ្រោះរញ្ជួយដីនោះទេ ហើយក្រុមឆ្លើយតបគ្រាអាសន្ន បូករួមទាំងអ្នកជួយសង្គ្រោះ និងអ្នកពន្លត់អគ្គីភ័យ ត្រូវបានបញ្ជូនទៅត្រួតពិនិត្យអគារ និងធានាសុវត្ថិភាពសាធារណៈ  ។

ក្រោយពីការរញ្ជួយដីជាលើកដំបូង ការរញ្ជួយដីលើកទី២ មានកម្រិត៤,៧រ៉ិចទ័រ បានវាយប្រហារចម្ងាយ ១១៦គីឡូម៉ែត្រពីក្រុង Petropavlovsk រវាងឧបទ្វីប Kamchatsky ហើយគ្រោះរញ្ជួយដីនេះបានបន្តកើតឡើង ដោយការរញ្ជួយជាបន្តបន្ទាប់ជាមួយនឹងកម្រិត៣,៩រ៉ិចទ័រដល់៥.០រ៉ិចទ័រ ។ គ្រោះរញ្ជួយដីដែលបានកើតឡើង មានជម្រៅពី ៦ដល់៤៨គីឡូម៉ែត្រ ដោយចំណុចកណ្តាលរបស់គ្រោះរញ្ជួយដីនេះ ស្ថិតនៅចន្លោះពី១០៦ទៅ១១៤ គីឡូម៉ែត្រពីទីក្រុងខាងលើ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top