ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង បន្តការប្តេជ្ញាចិត្ត ដើម្បីរក្សាស្ថិរភាព នៅឥណ្ឌូប៉ាស៊ីហ្វិក

Kyodo

តូក្យូ ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបន្តការប្ដេជ្ញាចិត្ដ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលមេដឹកនាំ នៃប្រទេសទាំង៣ បានប្រារព្ធខួបមួយឆ្នាំ ចាប់តាំងពីកិច្ចប្រជុំកំពូល របស់ពួកគេនៅជិតទីក្រុងវ៉ាស៊ីនតោន។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា ដោយកត់សម្គាល់ “វឌ្ឍនភាពដ៏អស្ចារ្យ” នៅក្នុងកិច្ចខិតខំប្រឹងប្រែងត្រីភាគី នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការគឺមិនអាចខ្វះបាន សម្រាប់ការជួបបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំទាំងបី បានព្រមព្រៀងគ្នា កាលពីឆ្នាំមុនលើការប្តេជ្ញាចិត្ត ក្នុងការពិគ្រោះយោបល់គ្នាទៅវិញទៅមក ក្នុងការសម្របសម្រួលការឆ្លើយតប របស់ពួកគេយ៉ាងឆាប់រហ័ស ចំពោះ “ការបង្កហេតុ និងការគំរាមកំហែង” ចំពេលមានសកម្មភាព អះអាងកាន់តែខ្លាំងឡើង របស់ប្រទេសចិន និងការបះបោរកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង។

ប្រទេសទាំងបី ក៏បានយល់ព្រមរៀបចំ កិច្ចប្រជុំកំពូលត្រីភាគីយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ប៉ុន្តែលោក គីស៊ីដា បានឲ្យដឹងថា លោកនឹងមិនឈរឈ្មោះ នៅក្នុងការប្រណាំងប្រជែងជាដឹកនាំ របស់គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅខែក្រោយនេះទេ ខណៈដែលលោក បៃដិន បានប្រកាសដកខ្លួនចេញពីការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។

ប្រភពរដ្ឋាភិបាលជប៉ុនមួយបានឲ្យដឹងថា ការចេញផ្សាយសេចក្តីថ្លែងការណ៍ ចុងក្រោយនេះ គឺសំដៅលើ “ការបង្ហាញថា មិនមានការផ្លាស់ប្តូរ នៅក្នុងការសម្របសម្រួលត្រីភាគី សូម្បីតែបន្ទាប់ពីមេដឹកនាំត្រូវបានជំនួសក៏ដោយ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងមានការតាំងចិត្ត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក រក្សាភាពស្របគ្នា នៅក្នុងចក្ខុវិស័យរួម របស់យើង និងត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខ នឹងបញ្ហាប្រឈមធំបំផុតរបស់ពិភពលោក”៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top