សេអ៊ូល ៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំរួមគ្នានៅថ្ងៃចន្ទនេះ ក្នុងគោលបំណងពង្រឹងបន្ថែមទៀត នូវសមត្ថភាពការពារជាតិរួមគ្នា របស់ពួកគេ ដើម្បីទប់ទល់ នឹងការគំរាមកំហែងពីកូរ៉េខាងជើង ដោយផ្តោតលើការត្រៀមខ្លួន ប្រឆាំងនឹងអាវុធប្រល័យលោក របស់ទីក្រុងព្យុងយ៉ាង ។
សមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំដែលនឹងមានរយៈពេល ១១ ថ្ងៃរហូតដល់ថ្ងៃទី 29 ខែសីហា ក៏មានសមយុទ្ធចំនួន ៤៨ ផងដែរ ដែលកើនឡើងពី ៣៨ កាលពីឆ្នាំមុន។ សមយុទ្ធនេះបានចាប់ផ្តើមបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចាត់ទុកវាជា “សមយុទ្ធសង្គ្រាមបង្កហេតុ សម្រាប់ការឈ្លានពាន” កាលពីថ្ងៃមុន។
របាយការណ៍ផ្លូវការ របស់ទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់វិទ្យាស្ថានមួយ នៅក្រោមក្រសួងការបរទេស កូរ៉េខាងជើង បានឲ្យដឹងថា វាមានសារសំខាន់ សម្រាប់ប្រទេសនេះក្នុងការ “រក្សាតុល្យភាពនៃអំណាចជានិច្ច សម្រាប់ការទប់ស្កាត់សង្គ្រាម ដោយស្តុកទុកការរារាំង ដ៏អស្ចារ្យបំផុត” ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា សមយុទ្ធរួមរួមមានការហ្វឹកហ្វឺន ដើម្បីទប់ទល់នឹងការគម្រាមកំហែងផ្សេងៗពីប្រទេសកូរ៉េខាងជើង ដូចជាការបាញ់មីស៊ីល និងការវាយប្រហារតាមអ៊ីនធឺណិត។
ភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរ បានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែកូរ៉េខាងជើង បានបាញ់ម្តងហើយម្តងទៀត នូវមីស៊ីលផ្លោង និងការបាញ់បង្ហោះប៉េងប៉ោងរាប់រយ ដែលដឹកសំរាមឆ្លងកាត់ព្រំដែនរួមគ្នារបស់ពួកគេ ៕
ប្រែសម្រួល ឈូក បូរ៉ា