ដាកា ៖ ទីប្រឹក្សារដ្ឋាភិបាល បណ្តោះអាសន្ន របស់បង់ក្លាដែស លោក Muhammad Yunus បានឲ្យដឹងថា ការបោះឆ្នោត ដោយសេរី យុត្តិធម៌ និង ការចូលរួមនឹងត្រូវរៀបចំ ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីនាំមកនូវកំណែ ទម្រង់ចាំបាច់នៅក្នុងប្រព័ន្ធរដ្ឋ។
លោកបានប្រាប់កិច្ចប្រជុំជាមួយអ្នកការទូតនៅទីក្រុងដាកា កាលពីថ្ងៃអាទិត្យថា “យើងនឹងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅពេលយើងអាចបញ្ចប់ អាណត្តិរបស់យើង ដើម្បីអនុវត្តកំណែទម្រង់សំខាន់ៗ នៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត តុលាការ រដ្ឋបាលស៊ីវិល កងកម្លាំងសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយ” ។
លោកបានលើកឡើងថា អាទិភាពកំពូល របស់រដ្ឋាភិបាលបណ្តោះអាសន្ន នឹងត្រូវធ្វើឲ្យស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់ស្ថិតនៅក្រោមការគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោកបានលើកឡើងថា “យើងនឹងជិត ដល់ភាពប្រក្រតីក្នុងរយៈពេលដ៏ខ្លីមួយ ជាមួយនឹងការគាំទ្រ ឥតឈប់ឈរពីប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ស្នេហាជាតិរបស់យើង ។ កម្លាំងនគរបាល ក៏បានបន្តប្រតិបត្តិការ របស់ពួកគេឡើងវិញ” ។
លោកថា កងកម្លាំងប្រដាប់អាវុធ នឹងបន្តបម្រើជំនួយ ដល់អំណាចស៊ីវិល ដរាបណាស្ថានការណ៍ត្រូវបានធានា “រដ្ឋាភិបាលរបស់យើង នៅតែសន្យា ធានាសុវត្ថិភាព និងសន្តិសុខនៃក្រុមសាសនា និងជនជាតិភាគតិចទាំងអស់”៕
ប្រែសម្រួល ឈូក បូរ៉ា