ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ស្ដីបន្ទោសក្រុមហាម៉ាស់ ចំពោះការជាប់គាំង បទឈប់បាញ់នៅតំបន់ហ្គាហ្សា

AFP

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ក្រុមហាម៉ាស់ ពីការបដិសេធក្នុងការសម្របសម្រួល ក្នុងការចរចាបទឈប់បាញ់ ដោយបានសង្កត់ធ្ងន់ថា សម្ពាធគួរតែត្រូវបាន ដឹកនាំទៅកាន់ ក្រុមប៉ាឡេស្ទីន ចំពេលមានកិច្ចខិតខំប្រឹងប្រែងបទ ឈប់បាញ់អន្តរជាតិ ដែលកំពុងបន្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំ សប្តាហ៍របស់លោក, លោក ណេតាន់យ៉ាហ៊ូ បានរំលឹកឡើងវិញថា អ៊ីស្រាអែល នឹងមិនសម្របសម្រួលលើបញ្ហា សន្តិសុខឡើយ ដោយលោក​បាន​បន្ត​ថា “យើង​ចូល​រួម​ក្នុង​ការ​ចរចា​មិនមែន​ជា​ការ​ផ្តល់​រង្វាន់​នោះទេ។ មាន​រឿង​ដែល​យើង​ អាច​បត់បែន​បាន ហើយ​មាន​រឿង​ខ្លះ ដែល​យើង​មិន​អាច​បត់បែន​បាន​”។

លោក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់អ៊ីស្រាអែល ចំពោះសំណើបីដំណាក់ កាលដែលបង្ហាញដោយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន កាលពីខែឧសភា ដែលរួមមានបទ ឈប់បាញ់ និងការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង និងអ្នកទោសប៉ាឡេស្ទីន។

លោកបានបន្ថែមថា “សម្ពាធយោធាដ៏ខ្លាំងក្លា រួមជាមួយនឹងសម្ពាធការទូតដ៏ខ្លាំងក្លា គឺជាមធ្យោបាយ ដើម្បីសម្រេចបាននូវការដោះលែង ចំណាប់ខ្មាំងរបស់យើង” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រូវបានគេរំពឹងថា នឹងធ្វើទៅកាន់ ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យដើម្បីកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀត ដើម្បីទទួលបានកិច្ចព្រមព្រៀង បទឈប់បាញ់នៅហ្គាហ្សា។ 

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​ ពីរ​ថ្ងៃ​នៅ​ទីក្រុង​ដូហា ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ចរចា​កាតា អេហ្ស៊ីប និង​អាមេរិក។  អ្នកសម្រុះសម្រួល និងគណៈប្រតិភូអ៊ីស្រាអែល គ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងគែរ ដើម្បីបន្តកិច្ចពិភាក្សា ក្នុងសប្តាហ៍នេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top