ព័ត៌មានអន្តរជាតិ

Update ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ណេតាន់យ៉ាហ៊ូ ទទួលយកសំណើពីរដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក ជុំវិញកិច្ចចចារគ្នា លើបទឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង

Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល បានទទួលយកសំណើថ្មីមួយសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ។ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃចន្ទ ក្រោយពីកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ប៊េនហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ។

នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv លោក Blinken បានថ្លែងថា លោក ណេតាន់យ៉ាហ៊ូ “បានអះអាងថា អ៊ីស្រាអ៊ែលយល់ព្រម” នូវសំណើទំនាក់ទំនងថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយសំណើនេះត្រូវបានបង្ហាញដល់អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដោយអ្នកសម្របសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ។

លោក Blinken បានជំរុញ ឱ្យក្រុមហាម៉ាស់ យល់ព្រមលើ សំណើផ្សា ភ្ជាប់ទំនាក់ទំនង ដោយសង្កត់ធ្ងន់ លើភាពបន្ទាន់ នៃការដោះស្រាយទុក្ខលំបាក នៅតំបន់ហ្គាហ្សា ដែលជាកន្លែង ដែលមានមនុស្សជាង ៤០.០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអ៊ែល ហើយតម្រូវការក្នុងការដោះលែង ចំណាប់ខ្មាំងដែលនៅតែត្រូវបានក្រុមហាម៉ាស់កាន់ឃុំខ្លួនទុកនោះផងដែរ ។

លោក Blinken បានទៅបំពេញទស្សនកិច្ចនៅក្នុងទឹកដីអ៊ីស្រាអ៊ែល ស្របពេលមានកិច្ចខិតខំប្រឹងប្រែង បន្តដើម្បីទទួលបានបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអ៊ែល និងអ្នកទោសប៉ាឡេស្ទីន នៅមុនពេលធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប និងប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងការចរចារឿងនេះ ។

លោក ណេតាន់យ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍ ជាខ្សែវីដេអូមួយក្នុងអំឡុង សន្និសីទសារព័ត៌មានរបស់លោក Blinken ដោយសំដៅលើកិច្ចប្រជុំ របស់គាត់ ជាមួយ លោក Blinken ថា ជា “រឿងល្អ និងសំខាន់បំផុត” ប៉ុន្តែមិនបានបញ្ចេញសំឡេងគាំទ្រ យ៉ាងជាក់លាក់ ចំពោះសំណើផ្សាភ្ជាប់នូវទំនាក់ទំនងនេះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top