បរទេស ៖ បេក្ខភាពប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋលោក ដូណាល់ ត្រាំ បាននិយាយថា គូប្រជែងខាងគណបក្ស ប្រជាធិបតេយ្យ របស់លោកគឺអនុប្រធានាធិបតី លោកស្រី Kamala Harris បានជូនដំណឹង ដល់អ្នកធ្វើយុទ្ធនាការ របស់លោកថា លោកស្រី នឹងមិនចូលរួមក្នុងការ ជជែកដេញដោល ដែលគ្រោងនឹងចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ Fox News នៅខែក្រោយនោះទេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ មិនទាន់បានជួបតទល់គ្នា ដោយផ្ទាល់ ជាមួយលោកស្រី Harris ដែលបានក្លាយជាបេក្ខជនផ្លូវការ របស់គណបក្ស ប្រជាធិបតេយ្យនៅដើមខែសីហា នៅពេលដែលប្រធានាធិបតីលោក Joe Biden ដកខ្លួនចេញពីការប្រណាំងប្រជែង។ លោក ត្រាំ ធ្លាប់បានជជែកដេញ ដោលជាមួយលោក Biden កាលពីចុងខែមិថុនា ក្នុងទស្សនីយភាពដ៏មហន្តរាយ ដែលនៅទីបំផុតបាននាំឱ្យ លោក Joe Biden ដែលមានអាយុ ៨១ឆ្នាំ បានបោះបង់ចោលការប្រណាំង ប្រជែងតំណែងប្រធានាធិបតីនេះ ចំពេលមានការព្រួយបារម្ភ អំពីសមត្ថភាពផ្លូវចិត្តរបស់លោក។
អ្នកធ្វើយុទ្ធនាការរបស់លោកស្រី Harris មិនបានបញ្ជាក់ពីការអះអាងរបស់លោក ដូណាល់ ត្រាំ នៅឡើយនោះទេ ទោះបីជាខាងក្រុមនេះធ្លាប់បានចង្អុលបង្ហាញថា លោកស្រីនឹងមិនចូលរួម ហើយបានចង្អុលបង្ហាញការជជែកដេញដោលផ្សេងទៀតដែលគ្រោងនឹងរៀបចំដោយ ABC នៅថ្ងៃទី ១០ ខែកញ្ញា។
ដើមឡើយ លោក ដូណាល់ ត្រាំ ត្រូវបានគេសន្មត់ថា នឹងប្រឈមមុខជាមួយលោក Biden នៅកាលបរិច្ឆេទនេះ ហើយដំបូងឡើយបានអះអាងថា ព្រឹត្តិការណ៍នេះត្រូវបាន “បញ្ចប់” ដោយសារតែប្រធានាធិបតីបច្ចុប្បន្នបានបោះបង់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកគាត់បានយល់ព្រម និងបានប្តេជ្ញាចិត្តក្នុងការប្រឈមមុខជាមួយលោកស្រី Harris ជំនួសវិញ ។
លើសពីនេះ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានស្នើឱ្យមានការជជែកដេញ ដោលដាច់ដោយឡែកពីគ្នា នៅក្នុងខែកញ្ញានៅលើ Fox News និង NBC News ។
នៅក្នុងការបង្ហោះ នៅលើវេទិកាសង្គមការពិត របស់លោកកាលពីថ្ងៃអង្គារលោក ត្រាំ បានសរសេរថា “សមមិត្ត Kamala Harris ទើបតែបានជូនដំណឹងយើងថា លោកស្រីនឹងមិនធ្វើកិច្ចពិភាក្សាសួរដេញដោលរបស់ FoxNews នៅថ្ងៃទី៤ ខែកញ្ញាទេ” ។ លោក ត្រាំ បានបន្ថែមថា លោកមិនភ្ញាក់ផ្អើលទេ ព្រោះវានឹង «ពិបាកខ្លាំង» សម្រាប់លោកស្រី ក្នុងការការពារកំណត់ ត្រារបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា