បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការទទួលយក សំណើបទឈប់បាញ់ ដែលរួមមានការបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សាទៀតផង។
របាយការណ៍នេះកើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយមេដឹកនាំអ៊ីស្រាអែល កាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយភាពតានតឹង និងឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ លោក Blinken បានអះអាងថា លោក Netanyahu បានទទួលយកសំណើបទឈប់បាញ់ របស់សហរដ្ឋអាមេរិករួចរាល់ហើយ។
ក្រោយមក សេតវិមានបានអះអាងថា មានការវិវឌ្ឍយ៉ាងសំខាន់ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចចរចាចុងក្រោយបង្អស់ ដែលមានការចូលរួមពីមន្ត្រីមកពីអ៊ីស្រាអែល កាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប នៅរដ្ឋធានីដូហា ប្រទេសកាតា កាលពីសប្តាហ៍មុន។ ក្រុមហាម៉ាស់មិនបានចូលរួម ការចរចាដោយលើកឡើងថាវាគឺជា ផែនការដែលមានភាពមិនច្បាស់លាស់នោះឡើយ។
ទន្ទឹមនឹងនោះ កាលពីថ្ងៃអង្គារ លោក Netanyahu តាមសេចក្តីរាយការណ៍បាន ប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងថា កិច្ចព្រមព្រៀងបទឈប់បាញ់ អាចនឹងមិនត្រូវបានសម្រេច ហើយថាយោធាអ៊ីស្រាអែលនឹង មិនបោះបង់ការគ្រប់គ្រងព្រំដែន Gazan-Egyptian ដែលជាតម្រូវការសំខាន់របស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឡើយ។
ដោយឡែកក្រុមហាម៉ាស់កាលពីថ្ងៃអាទិត្យ បានច្រានចោលសំណើចុងក្រោយរបស់ សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀង បទឈប់បាញ់និងចំណាប់ខ្មាំង នៅក្នុងតំបន់ហ្គាហ្សាដោយនិយាយថា វាបានធ្វើឡើងដោយ ស្របតាមតែទៅនឹង ការទាមទាររបស់លោក Netanyahu ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី