បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចោទលោក ដូណាល់ ត្រាំ ថា មិនស័ក្តិសមសម្រាប់តួនាទី ជាអគ្គមេបញ្ជាការ ដោយអះអាងថា លោក ត្រាំ បាន “ឱនលំទោន ជាមួយនឹងមេដឹកនាំផ្តាច់ការ”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជិតផុត អាណត្តិបាននិយាយបែបនេះ នៅឯសន្និបាតជាតិប្រជាធិបតេយ្យនៅទីក្រុងឈីកាហ្គោ កាលពីថ្ងៃចន្ទ ដើម្បីជំរុញអ្នកបោះឆ្នោតឱ្យគាំទ្រ បេក្ខភាពអនុប្រធានាធិបតី Kamala Harris ក្នុងការបោះឆ្នោតខែវិច្ឆិកា ។ កាលពីខែមុន លោកត្រូវបានគេដាក់សម្ពាធ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស ឲ្យដកខ្លួនចេញពីការ ប្រកួតប្រជែងតំណែង ប្រធានាធិបតី បន្ទាប់ពីការជជែកដេញដោលដ៏មហន្តរាយប្រឆាំងនឹងលោក ដូណាល់ ត្រាំ ។
លោក Biden បានលើកយករឿងអំពីលោក ដូណាល់ ត្រាំ ដែលត្រូវបានចោទប្រកាន់ថា បានហៅទាហានសង្គ្រាមលោកលើកទី ១ ដែលកប់នៅអឺរ៉ុបថាជា “មនុស្សភ្លីភ្លើ និងជាអ្នកចាញ់” ដើម្បីវាយប្រហារអតីតប្រធានាធិបតី គឺលោក ដូណាល់ , លោក Biden បាននិយាយថា នរណាម្នាក់ដែលបែបនេះ គឺមិនអាចដឹកនាំយោធាអាមេរិក បានទេ។
លោក ត្រាំ បានទម្លាយពីគោល នយោបាយរបស់អ្នកកាន់តំណែងមុន របស់គណបក្សប្រជាធិបតេយ្យ លោក បារ៉ាក់ អូបាម៉ា ដោយការបើកភ្លើងខៀវ លើការផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន ដែលជំរុញឱ្យមានភាពតានតឹង ជាមួយរុស្ស៊ីជុំវិញចេតនា របស់អង្គការណាតូ ក្នុងការធ្វើឱ្យអ៊ុយក្រែន ក្លាយជាសមាជិកនៃប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ។ នៅឆ្នាំ ២០២១ ទីក្រុងម៉ូស្គូ បានស្នើឱ្យបង្កកការពង្រីកអង្គការណាតូ ដើម្បីដោះស្រាយកង្វល់ របស់ខ្លួន ប៉ុន្តែត្រូវបានប្រាប់ដោយទីក្រុងវ៉ាស៊ីនតោនថា ខ្លួនមិនអាចកំណត់ថាអ្នកណា ចូលរួមជាមួយអង្គការនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា