ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ​ចិនដាស់តឿន ភាគីហ្វីលីពីនថា កុំប៉ុនប៉ងជាន់ឈ្លី ខ្សែបន្ទាត់ក្រហម លើបញ្ហាសមុទ្រចិនខាងត្បូង ហើយមិនបាច់ បង់តម្លៃទៀតនោះ

នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿង របស់ប្រទេសហ្វីលីពីន បានបំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹក Xianbin នៃប្រជុំកោះ Nansha ប្រទេសចិន ដោយមិនបានទទួលការអនុញ្ញាត ពីរដ្ឋាភិបាលចិន ថែមទាំងមិនអើពើ នឹងការរាំងខ្ទប់ និងការព្រមាន របស់នាវាឆ្មាំសមុទ្រចិន ហើយមានចេតនា បើកបំបុកនាវាអនុវត្តច្បាប់ របស់ឆ្មាំសមុទ្រចិន ហ្វីលីពីនត្រូវទទួលខុសត្រូវ ទាំងស្រុង ចំពោះករណីនាវាបុកគ្នាលើកនេះ ។ អនុលោមតាមច្បាប់ចិន និងច្បាប់អន្តរជាតិ ឆ្មាំសមុទ្រចិន បានចាត់វិធានការ ដ៏ចាបាច់ ចំពោះនាវាហ្វីលីពីន ហើយចំណាត់ការរបស់ចិនគឺ ប្រកបដោយភាពជំនាញ អត់ធ្មត់និងមានបទដ្ឋាន ។

ទោះបីជាភាគីហ្វីលីពីន បានទម្លាក់កំហុសទៅលើភាគីចិនបន្ទាប់ពីរឿងនេះ សហរដ្ឋអាមេរិកនិងបស្ចិមប្រទេសបញ្ចេញសំឡេងគាំទ្រហ្វីលីពីន ហើយវាយប្រហារ និងមួលបង្កាច់ មកលើចិនក្តី ក៏ប៉ុន្តែការពិតជាក់ស្តែង បានបញ្ជាក់ថា ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះករណីនាវាបុកគ្នារបស់ប្រទេសទាំងពីរ ចំណែកអ្នកដែលបង្ករឿងហេតុ ដោយប្រថុយប្រថាន ម្តងហើយម្តងទៀត នៅសមុទ្រចិនខាងត្បូង និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ គឺ ប្រទេសហ្វីលីពីន ។

ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ប្រទេសហ្វីលីពីន បានបង្ករឿងហេតុជាញឹកញាប់ នៅលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ប្រទេសចិន ហើយបច្ចុប្បន្ននេះហ្វីលីពីន ក៏បានផ្តោតសំខាន់ទៅលើថ្មប៉ប្រះទឹក Xianbin ដែរ ។ សូមបញ្ជាក់ថា ថ្មប៉ប្រះទឹកនេះគឺ ជាចំណែកមួយនៃប្រជុំកោះ Nansha ដែលជាទឹកដី មានស្រាប់របស់ប្រទេសចិន និងជាថ្មប៉ប្រះទឹក ដែលគ្មានមនុស្សរស់នៅ ។ ដោយសារថ្មប៉ប្រះទឹក Xianbin មានចម្ងាយ ត្រឹមតែ ៧០ គីឡូម៉ែត្រ ពីថ្មប៉ប្រះទឹក Ren’ai វាមិនត្រឹមតែជាទីតាំង ដ៏សំខាន់ នៅលើផ្លូវនាវាចរណ៍ សម្រាប់ការដឹកជញ្ជូន ទំនិញតាមផ្លូវសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏ជាមូលដ្ឋានគ្រឹះ សម្រាប់គាំពារសន្តិសុខ និងស្ថិរភាពនៅភាគខាងកើតសមុទ្រចិន ខាងត្បូងផងដែរ ហេតុនេះហើយ ប្រទេសហ្វីលីពីន ប៉ុនប៉ងទន្រ្ទានកាន់កាប់ថ្ម ប៉ប្រះទឹកនេះ ជាប់រហូតមក ។

ចាប់តាំងពីខែមេសា ឆ្នាំនេះមក ភាគីហ្វីលីពីន បានចាត់បញ្ជូននាវាឆ្មាំសមុទ្រខ្នាតធំៗ មកបំពានចូលដែនថ្មប៉ប្រះទឹក Xianbin ដើម្បីសំចតចោល ដោយខុសច្បាប់ ។ លើកនេះ ភាគីហ្វីលីពីន បានចាត់បញ្ជូននាវាឆ្មាំសមុទ្រឱ្យបំពាន ចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Xianbin ក្នុងគោលបំណងសំខាន់ ដឹកជញ្ជូនសម្ភារៈឱ្យនាវាឆ្មាំសមុទ្រ ហ្វីលីពីន ដែលចតចោលនៅទីនេះ ដើម្បីចង់ឈរជើងឱ្យបានយូរ ។ ប្រការនេះជាការវិវឌ្ឍចុងក្រោយ នៃការរំលោភសិទ្ធិ និងបង្ករឿងហេតុ របស់ភាគីហ្វីលីពីន ចំពោះប្រទេសចិន នៅសមុទ្រចិនខាងត្បូង ។

លើសពីនេះទៅទៀត ទង្វើរបស់ភាគីហ្វីលីពីន ក៏មានការគិតពិចារណា ខាងនយោបាយក្នុងស្រុកផងដែរ ។ បច្ចុប្បន្ននេះ អភិបាលកិច្ចរបស់រដ្ឋាភិបាលលោក Ferdinand Marcos មានកម្លាំង ទន់ខ្សោយ ជាពិសេសសេដ្ឋកិច្ច និងទេសចរណ៍មិន បានទទួលការ អភិវឌ្ឍនិងស្តារឡើងវិញនោះទេ ដែលបានរងការចោទជាមន្ទិលសង្ស័យ ពីប្រជាជនក្នុងស្រុក ។ ឆ្លងតាមរយៈការរំលោភសិទ្ធិ និង បង្ករឿងហេតុជាបន្តបន្ទាប់ ចំពោះប្រទេសចិននៅលើកោះ និងថ្មប៉ប្រះទឹក នៃសមុទ្រចិនខាងត្បូង អ្នកនយោបាយហ្វីលីពីនប៉ុនប៉ង ផ្ទេរទំនាស់ក្នុងស្រុកនិងបន្ធូរបន្ថយកម្លាំងសម្ពាធនៃអភិបាលកិច្ច របស់ខ្លួន ។ បើមើលពីកត្តាអន្តរជាតិអាចឃើញថា ក្រោមការញុះញង់និងអុជអាលបំបែកបំបាក់ របស់ប្រទេសធំនៅក្រៅតំបន់ ដើម្បីអូសទាញពួកគេ ឱ្យបង្កើនការវិនិយោគនៅក្នុងប្រទេសខ្លួន ហ្វីលីពីន មិនសោកស្តាយក្លាយ ជាកូនអុក របស់ប្រទេសធំ នៅក្រៅតំបន់ សម្រាប់ទប់ស្កាត់ការ អភិវឌ្ឍរបស់ចិនឡើយ ។

សកម្មភាពប្រថុយប្រថាន របស់ភាគីហ្វីលីពីន មិនត្រឹមតែបានបំពានយ៉ាងធ្ងន់ធ្ងរនូវ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រ ចិនខាងត្បូង»ប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញ ដល់ឋានៈជាស្នូលរបស់អាស៊ានក្នុងកិច្ចការសន្តិសុខក្នុងតំបន់ ក៏ដូចជាបំផ្លាញផលប្រយោជន៍របស់ប្រទេសអាស៊ានដទៃទៀតផងដែរ ។
កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ភាគីទាំងពីរចិននិងហ្វីលីពីន បានផ្លាស់ប្តូរមតិយោបល់ ប្រកប ដោយភាពស្មោះត្រង់ និងមានលក្ខណៈស្ថាបនា អំពីសភាពការណ៍ នៅសមុទ្រចិនខាងត្បូង ជាពិសេសគឺ គ្រប់គ្រងស្ថាន ការណ៍នៅថ្មប៉ប្រះទឹក Ren’ai ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិននិងប្រទេសអាស៊ាន កំពុងបន្តជំរុញការពិគ្រោះពិភាក្សាអំពី «ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង» និងអនុវត្តយ៉ាងសកម្មនូវ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងដែនសមុទ្រ ។ ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសចិនប្រកាន់ខ្ជាប់នូវកម្មវត្ថុសន្តិភាពជាប់រហូតមក ហើយប្រកាន់ខ្ជាប់ការគ្រប់គ្រងវិវាទឱ្យបានសមរម្យ ជាមួយប្រទេសសាមី ដោយផ្ទាល់តាមរយៈកិច្ចសន្ទនា និងការពិគ្រោះពិភាក្សា ប៉ុន្តែជាមួយគ្នានេះដែរ ចិននឹងគាំពារ យ៉ាងមុតមាំ នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែន សមុទ្ររបស់ខ្លួន ។ ភាគីហ្វីលីពីនចាំបាច់ត្រូវបញ្ឈប់ភ្លាម នូវទង្វើរំលោភបំពានសិទ្ធិ ប្រញាប់ដកចេញនាវា ពាក់ព័ន្ធជាបន្ទាន់ បើពុំនោះសោត ហ្វីលីពីនមុខជានឹងបង់តម្លៃ ដោយសារភាពអគតិនិង ការធ្វើតាមទំនើងចិត្ត របស់ខ្លួនជាក់ជាមិនខាន ៕

To Top