បរទេស ៖ សហគ្រិនបច្ចេកវិទ្យាជនជាតិអង់គ្លេសលោក Mike Lynch និងប្រធានក្រុមហ៊ុន Morgan Stanley International លោក Jonathan Bloomer ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីនាវាកំសាន្តទំនើប របស់ពួកគេបានលិច នៅឆ្នេរសមុទ្រស៊ីស៊ីលីកាលពីថ្ងៃចន្ទ, នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមកាសែត The Guardian បានរាយការណ៍ ដោយដកស្រង់សម្តីប្រធានទីភ្នាក់ងារ ការពារស៊ីវិលរបស់កោះ ស៊ីស៊ីលីថា ទាំងលោក Bloomer, Lynch, កូនស្រីអាយុ ១៨ឆ្នាំរបស់គាត់ Hannah និងមេធាវី Chris Morvillo ស្ថិតក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលនៅតែមិនទាន់មានដំណឹងគិតត្រឹមល្ងាចថ្ងៃចន្ទ។
នាវាទំនើបដែលពួកគេកំពុងធ្វើដំណើរ ជាប្រភេទនាវាជិះកំសាន្តប្រវែង ៥៦ម៉ែត្រ ហៅថា ‘Bayesian’ បានដឹកមនុស្សសរុបបានចំនួន ២២នាក់ សមាជិកនាវិក ១២នាក់ និងអ្នកដំណើរ ១០នាក់ នៅពេលកើតហេតុ ហើយនាវាបានបោះយុថ្កាចេញពីកំពង់ផែ Porticello ។
យោងតាមឆ្មាំឆ្នេរសមុទ្រអ៊ីតាលី នាវានេះត្រូវបានវាយប្រហារដោយព្យុះទឹក ដែលជាប្រភេទខ្យល់ព្យុះកំបុតត្បូង ដែលបង្កើតនៅលើទឹក នៅព្រឹកព្រលឹមថ្ងៃច័ន្ទ ។ មកទល់ពេលនេះ បុរសម្នាក់ដែលគេដឹងថា ជាចុងភៅនៅលើនាវា ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ។ មនុស្ស ១៥នាក់ត្រូវបានជួយសង្គ្រោះ រួមទាំងប្រពន្ធរបស់លោក Lynch គឺលោកស្រី Angela Bacares ដែលជាម្ចាស់នាវា និងក្មេងស្រីអាយុ ១ ឆ្នាំ ដែលត្រូវបានជួយសង្គ្រោះដោយម្តាយរបស់នាង។
យោងតាមកាសែត The Guardian បានឲ្យដឹងថា មនុស្សប្រាំបីនាក់ ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ រួមទាំងកុមារត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព ។ លោក Domenico Cipolla ប្រធានគ្រូពេទ្យនៅមន្ទីរពេទ្យមួយបានប្រាប់សារព័ត៌មានថា អ្នកនៅរស់រានមានជីវិតភាគច្រើន បាននិយាយថាពួកគេធ្វើការឱ្យលោក Lynch ។
Cipolla និយាយថា “ពួកគេមានរបួសធ្ងន់ ពេលវេលាកន្លងផុតទៅ ពួកគេដឹងកាន់តែច្រើនឡើងថា នៅព្រឹកនេះពួកគេបានបាត់បង់មិត្តភក្តិជាច្រើន» ។
លោក Lynch ដែលជាមហាសេដ្ឋី ដែលគេស្គាល់ថាជា សហស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី Autonomy ក្នុងឆ្នាំ 1996 ម្តងម្កាលត្រូវបានពិពណ៌នាថាជា ‘Bill Gates អង់គ្លេស’ ការប្រយុទ្ធគ្នាជុំវិញការចោទប្រកាន់ពីការក្លែងបន្លំ ទាក់ទងនឹងការលក់ក្រុមហ៊ុនរបស់គាត់ ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Hewlett-Packard ។ កាលពីខែមិថុនា គាត់ត្រូវបានតុលាការ កាត់ទោសនៅ San Francisco បន្ទាប់ពីគាត់រស់នៅក្រោមការឃុំខ្លួន ក្នុងផ្ទះអស់រយៈពេលជាងមួយឆ្នាំ ៕