ព័ត៌មានអន្តរជាតិ

ស្ថាបនិកទំនើបកម្ម សង្គមនិយម តាមបែបផែនចិន បង្កើតអនាគត កាន់តែទូលំទូលាយ សម្រាប់មនុស្សជាតិ

ថ្ងៃទី២២ ខែសីហា ឆ្នាំ១៩០៤ ប្រទេសចិន បានទទួលមនុស្សមួយរូប ដ៏អស្ចារ្យបានចាប់បដិសន្ធិ ហើយគិតមកដល់ពេលនេះ លោក តេង ស៊ាវភីង មានអាយុ១២០ឆ្នាំ គឺជាកុលបុត្រដ៏អស្ចារ្យ និងជាទីស្រឡាញ់ របស់ប្រជាជាតិចិន ហើយលោកផ្ទាល់ខ្លួន ធ្លាប់មានប្រសាសន៍ថា លោកជាកុលបុត្រ របស់ប្រជាជនចិន ។ លោកមានសេចក្ដីស្រឡាញ់ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងប្រទេសរបស់លោក ។

យើងរំឭកដល់ថ្ងៃកំណើត ខួបលើកទី១២០ របស់លោក តេង ស៊ាវភីង ដោយបន្តមរតកមហាដំណើរ របស់បក្សកុម្មុយនិស្តចិន ដោយចាប់ពីអាយុ១៨ឆ្នាំ ដែលបានចូលរួមក្នុងអាជីពនយោបាយ លោកត្រូវបានកត់សម្គាល់ ដោយជំនឿរឹងមាំ លើលទ្ធិកុម្មុយនិស្ត ដែលជាប្រភព នៃភាពសុចរិតអស់កល្បជានិច្ច សម្រាប់ផ្តល់អាទិភាព ដល់ឋានៈ និងតួនាទីស្នូលរបស់ប្រជាជន ហើយមិនថានៅក្នុងតំណែង ជាផ្លូវការខ្ពស់ ឬឧបសគ្គបែបណាក៏ដោយ ក៏លោកតែងតែ ឈរជាប់ជានិច្ច ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយលោកបានបំពេញការងារ គ្រប់យ៉ាង ដែលលោកអាចធ្វើបាន សម្រាប់បក្សកុម្មុយនិស្តចិន ប្រទេស និងប្រជាជនចិន ។ លោកផ្តល់ អាទិភាពដល់ការ អភិវឌ្ឍបក្សកុម្មុយនិស្ត និង ប្រទេសចិនដោយមិនគិត ពីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលត្រូវបានគូសរំលេច ដោយប្រជាជាតិចិន ថា លោកពិតជាជនកុម្មុយនិស្ត ដែលបានសំយោគគោលគំនិត សំខាន់ រវាងទស្សនវិជ្ជាកាល់ម៉ាក្ស និងទស្សនវិជ្ជាខុងជឺ ក្លាយជាគ្រឹះ ដ៏សំខាន់ នៃមាគ៌ាសង្គម និយមតាមបែបផែនចិន និងជាមាគ៌ាមួយ ដែលសមស្របនឹងលក្ខខណ្ឌជាតិ និង តថភាពរបស់ប្រទេសចិន ស្របតម្រូវការ នៃសម័យ កាលទាំងនៅក្នុងទ្រឹស្តី និងការអនុវត្ត ។ លោកធ្លាប់បានសង្កត់ធ្ងន់ថា «មាគ៌ាអភិវឌ្ឍក្នុងទ្រឹស្តី និងក្នុងរបបតាមបែបផែនចិន គឺជាកូនសោរគន្លឹះដ៏សំខាន់ចំពោះអធិបតេយ្យភាព ឯករាជ្យភាព សេចក្តីថ្លៃថ្នូរ និងបង្កើនល្បឿននៃមហាដំណើររបស់ប្រទេសចិនក្នុងយុគសម័យថ្មី»។

យើងរំឭកដល់ថ្ងៃកំណើត ខួបលើកទី១២០ របស់លោក តេង ស៊ាវភីង ដោយរៀន ពីឧត្តមគតិ និងជំនឿរឹងមាំរបស់លោក ចំពោះការពន្លាតមាគ៌ា ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ។ មួយអាជីពនយោបាយ រយៈពេល៧០ឆ្នាំ លោកបានបង្ហាញពីភាពក្លាហាន ដើម្បីឆ្ពោះទៅមុខជាមួយនឹងការ កែទម្រង់ និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីគិតគូរនិងដឹកនាំប្រទេសទៅមុខជានិច្ច។ លោកមានភាពរឹងមាំ ក្នុងការធ្វើកំណែទម្រង់និងបើកទូលាយ ដែលបានបង្កើតឡើង នូវទ្រឹស្ដីទំនើបកម្មសង្គមនិយមតាមបែបផែនចិនដែលបានផ្តល់ការពន្យល់ជាប្រព័ន្ធ ជាលើកដំបូងអំពីរបៀបកសាងពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចចិន ។ សុខុមាលភាពរបស់ប្រជាជន គឺជាការខិតខំប្រឹងប្រែង អស់មួយជីវិត របស់លោកដោយលោកបានសង្កត់ធ្ងន់ថា «ភាពក្រីក្រមិនមែនជាគោលបំណង របស់សង្គមនិយមនោះឡើយ» នេះជាភាសាសាមញ្ញ តែពោរពេញដោយអត្ថន័យ ដែលបានផ្តល់ជាត្រី វិស័យប្រកបដោយគរុសភា ដល់បក្សកុម្មុយនិស្តចិនសម្រាប់បាននូវ « គោលដៅ១០០ឆ្នាំទី១»របស់ខ្លួន នោះគឺការផ្តល់ ជូនដល់ប្រជាជនចិន នូវជីវភាពកាន់តែប្រសើរធូរធារ ដោយងើបចាកផុតពីភាពក្រីក្រ។ ប្រាជ្ញារបស់លោកបានចូលជ្រៅទៅក្នុងជនកុម្មុយនិស្តចិនរាល់រូប ហើយបានក្លាយជាវិថីក្រាល ដោយសន្តិភាពសម្រាប់សាធារណរដ្ឋប្រជាមានិតចិនដោយបានរំលេចយ៉ាងច្បាស់ថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវទស្សនៈអភិវឌ្ឍន៍ ដែលចាត់ទុកប្រជាជនជាស្នូល ជួយប្រជាជនសម្រេចសុបិនដែលមានជីវភាពល្អបវរ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពនិយម ជាជម្រើសយុទ្ធសាស្រ្ត របស់ប្រទេសចិន ដោយមិនងាករេ មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ មិនថាប្រទេសចិនរីកចម្រើន ដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងនៅតែបន្តធ្វើជាអ្នកកសាង និងឈររួមគ្នាជាមួយប្រទេស ដែលជ្រោងទង់សន្តិភាពក្រោមទម្រដ៏រឹងមាំ នៃកិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ហើយវឌ្ឍនភាពរបស់ប្រទេសចិន ជាកាលានុវត្តភាពរបស់ពិភពលោក ។ ប្រទេសចិននៅយុគសម័យថ្មី នឹងបន្តត្រួសត្រាយឱកាសថ្មីសម្រាប់កំណើនសេដ្ឋកិច្ចសកល ផ្តល់វេទិកាថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ រួមវិភាគទានថ្មីសម្រាប់ការបង្កើន សុភមង្គលជូនដល់មនុស្សជាតិ ។

យើងរំឭកដល់ថ្ងៃកំណើត ខួបលើកទី១២០ របស់លោក តេង ស៊ាវភីង ដោយសិក្សាពីគំនិតច្នៃប្រឌិត របស់លោកដោយបានបង្ហាញ ឱ្យឃើញនូវចក្ខុវិស័យទូលំទូលាយ តាមរយៈគំនិតជាយុទ្ធសាស្ត្រ នៃស្ថាបនិកមាគ៌ាអភិវឌ្ឍតាមរយៈការធ្វើកំណែទម្រង់បើកទូលាយ។ ដោយដកស្រង់នូវឃ្លាដ៏សាមញ្ញរបស់លោក «មិនសំខាន់ថាឆ្មាពណ៌ខ្មៅ ឬពណ៌ស ជាឆ្មាល្អបើឆ្មានោះចេះចាប់កណ្តុរ»។
លោកសង្កត់ធ្ងន់លើគោលដៅនៃ«ទំនើបភាវូបនីយកម្មសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការការពារជាតិ។ លោកបានត្រួសត្រាយមាគ៌ា នៃការបើកទូលាយនិងសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់ពីឆ្នាំ១៩៧៨មក ហើយច្បាស់ណាស់ ដែលថារយៈពេល៤៦ឆ្នាំនេះ ប្រទេសចិនត្រូវបានពិភពលោកយល់យ៉ាងច្បាស់ពីទស្សនវិស័យទូលំទូលាយ ធនធានដ៏សំបូរបែប ស្មារតីនិងគតិបណ្ឌិតរបស់ប្រទេសចិន ។
តាមរយៈកំណែទម្រង់បើកចំហសេដ្ឋកិច្ច បាននាំការអភិវឌ្ឍក្នុងប្រទេសនិងអន្តរជាតិ ដោយមានការផ្សារភ្ជាប់គ្នារវាងចិននិងពិភពលោក និងបានឈានចូលដំណាក់កាលថ្មី របស់ប្រទេសចិនក្នុងការបោះជំហាន យ៉ាងស្វាហាប់ នៅលើវិថី នៃការធ្វើទំនើបកម្មសង្គមនិយម តាមបែបផែនចិនដែលកំពុងបោះជំហានយ៉ាងស្វាហាប់ដូចមានចែង ក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣ របស់បក្សកុម្មុយនិស្តចិន អាណត្តិលើកទី២០ ដែលបានប្រារព្ធកាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤កន្លងមក ។ ប្រាជ្ញាចិន ប្រកបដោយស្មារតីសន្តិភាពនិយមស្តីពី«ប្រទេស១ របប២» បានផ្តល់ជាដំណោះស្រាយ ដ៏សំខាន់ ដល់កោះហុងកុង និងកោះម៉ាកាវវិលត្រឡប់មកកាន់មាតុភូមិខ្លួនវិញ ហើយក៏ជាទឡ្ហីករណ៍ដល់ការស្តារភាព អស្ចារ្យឡើងវិញ នៃប្រជាជាតិចិន ដោយមានវត្តមានពេញលេញ នៃកោះតៃវ៉ាន់ ស្របតាមគោលការណ៍ចិនតែមួយ ដែលជាគោលការណ៍ ច្បាប់ផ្តល់គុណតម្លៃ ដល់សហគមន៍អន្តរជាតិ គោរពយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារ នៃសេចក្តីសម្រេចលេខ២៧៥៨ ដែលបានអនុម័ត ដោយមហាសន្និបាតអង្គការ សហប្រជាជាតិក្នុងសម័យប្រជុំលើកទី២៦នាឆ្នាំ១៩៧១។

ជារួមយើងរំឭកដល់ថ្ងៃ កំណើតខួបលើកទី១២០ របស់លោក តេង ស៊ាវភីង ជាជនកុម្មយនិស្ត ដែលពោរពេញដោយភក្តីភាព ចំពោះជោគវាសនា របស់មនុស្សជាតិ ដែលតែងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសន្តិភាពនិងការ អភិវឌ្ឍរបស់ពិភពលោក ។ លោកតែងសង្កត់ធ្ងន់ លើតម្រូវការក្នុងការ ចាត់ទុកបញ្ហា នៃការអភិវឌ្ឍជាបញ្ហាមួយដែលពាក់ព័ន្ធ នឹងមនុស្សជាតិទាំងអស់ ហើយលោកតែងសិក្សា និងដោះស្រាយ ដោយផ្អែកលើប្រាជ្ញាចិន។ លោកជាជនវឌ្ឍននិយមពហុប៉ូល ដែលបានដឹកនាំប្រទេសចិនដោយចែករំលែកវាសនាជាមួយបណ្តាប្រទេសទាំងអស់ ហើយនាំប្រទេសចិនដែលការពារ សន្តិភាពពិភពលោកបានបញ្ចេញពន្លឺរស្មីសន្តិភាពដ៏រុងរឿង ដល់ពិភពលោក និងឈរជាប់ជានិច្ចជារៀងរហូត ជាមួយប្រទេសដែលគាំទ្រសន្តិភាព ដោយរួមគ្នាកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ដោយប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាពនិយម។

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន

To Top