ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី Joe Biden អនុម័តយុទ្ធសាស្ត្រ នុយក្លេអ៊ែរ សម្ងាត់របស់សហរដ្ឋអាមេរិក កម្រិតខ្ពស់ ដើម្បីរារាំងរុស្ស៊ី ចិន និងកូរ៉េខាងជើង

RT News

បរទេស ៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រី ដែលមិនបញ្ចេញឈ្មោះនៅមន្ទីរបញ្ចកោណ និងក្រុមប្រឹក្សាសន្តិសុខជាតិថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តយុទ្ធសាស្ត្រ នុយក្លេអ៊ែរកម្រិតខ្ពស់ ដែលមានគោលបំណងរារាំងរុស្ស៊ី ចិន និងកូរ៉េខាងជើង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតបានសរសេរថា ឯកសារដែលហៅថា “ការណែនាំអំពីការងារ នុយក្លេអ៊ែរ” ត្រូវបានអនុម័ត នៅក្នុងខែមីនា ដែលនេះជាលើកទីមួយ នៅពេលដែលគោលលទ្ធិនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ត្រូវបានផ្តោតទៅលើសមត្ថភាព នុយក្លេអ៊ែរដែលកំពុងរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ទីក្រុងប៉េកាំង (ចិន)។

យោងតាម  New York Times, ឯកសារនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពប្រហែលរៀងរាល់ ៤ ឆ្នាំម្តង ហើយមានភាពសម្ងាត់ខ្លាំង ដែលមិនមានច្បាប់ ចម្លងបែបឌីជីថល ។

ជំនួយការស្តីទីរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកគោលនយោបាយ អវកាស លោក Vipin Narang បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែនេះថា លោក Biden “បានចេញសេចក្តីណែនាំស្តីពីការងារ អាវុធនុយក្លេអ៊ែរ ដែលបានធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះ ដើម្បីទទួលខុសត្រូវ ចំពោះសត្រូវ ប្រដាប់អាវុធ នុយក្លេអ៊ែរជាច្រើន” ។ លោកបានបន្ថែមថា ឃ្លាំងអាវុធនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់ចិន គឺជាអ្វីដែលសហរដ្ឋអាមេរិក «មិនបានរំពឹងទុក ឬគិតគូរ» ក្នុងអំឡុងពេលផែនការនុយក្លេអ៊ែរកាលពីទសវត្សរ៍មុន ។

សូមជម្រាបថា បើតាមការប៉ាន់ស្មានដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm គឺនៅឆ្នាំ ២០២៣ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ប្រទេសចិននឹងបង្កើនការ ស្តុកក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការរបស់ខ្លួនទ្វេដងដល់ជាង ១.០០០គ្រាប់ នៅត្រឹមឆ្នាំ ២០៣០ “ដែលភាគច្រើននឹងត្រូវ ដាក់ពង្រាយក្នុងកម្រិតត្រៀមខ្លួនខ្ពស់” ។ អាមេរិកបច្ចុប្បន្នមានក្បាល គ្រាប់ចំនួន ៥.៥៥០ គ្រាប់ ខណៈរុស្ស៊ីមាន ៦.២៥៥ គ្រាប់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top