ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទំនាក់ទំនង មេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” រវាងចិន និងវៀតណាម នឹងបញ្ចេញកម្លាំង រស់រវើកថ្មី ក្នុងយុគសម័យថ្មី

ក្នុងទំនាក់ទំនង រវាងប្រទេស និង ប្រទេស បើនិយាយពីទំនាក់ទំនង មេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” មានមនុស្សជាច្រើន នឹងគិតដល់ចិន និងវៀតណាមភ្លាម ។ ក្នុងប្រវត្តិសាស្ត្រ ប្រទេសសង្គមនិយម ទាំងពីរនេះ ដែលជាប្រទេសនៅជិតខាងគ្នា បានគាំទ្រគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នា ទៅវិញទៅមក ដែលមិត្តភាព ប្រពៃណីបែបនេះ ត្រូវបានកោតសរសើរជាច្រើន ។ បច្ចុប្បន្ន ក្នុងដំណាក់កាលជាគន្លឹះ នៃការអភិវឌ្ឍនិងស្តារឡើងវិញ នៃប្រទេសនីមួយៗ តើមិត្តភាពប្រពៃណីរវាងចិន និងវៀតណាម នឹងបញ្ចេញកម្លាំងរស់រវើកថ្មី តាមរបៀបណា? ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា ក្នុងអំឡុងពេលដែលលោក Tô Lâm អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ភាគីទាំងពីរបានរួមគ្នាផ្តល់ចម្លើយ ។

នេះជាដំណើរ ទស្សនកិច្ច នៅបរទេសជាលើកដំបូង របស់លោក Tô Lâm បន្ទាប់ពីលោកឡើងកាន់តំណែង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម នៅដើមខែសីហានេះ ដែលបានបង្ហាញពីកម្រិតខ្ពស់ និងលក្ខណៈជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរវាងចិន និងវៀតណាម ។ កាលពីថ្ងៃទី១៩ខែសីហា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោក Tô Lâm ។ ភាគីចិនបានថ្លែងថា នឹងចាត់ទុកវៀតណាមជាទិស ដៅអាទិភាពក្នុងកិច្ចការទូត របស់ប្រទេសចិន ជាមួយប្រទេសជិតខាង ភាគីទាំងពីរគួរបន្តធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍រួមវាសនាចិន និងវៀតណាមដែលប្រកប ដោយអត្ថន័យ ជាយុទ្ធសាស្ត្រ ។ ភាគីវៀតណាម បានថ្លែងថា នឹង ចាត់ទុកចិនជាជម្រើស យុទ្ធសាស្ត្រនិងអាទិភាពចម្បងបំផុតនៃគោលនយោបាយ ជាមួយបរទេសរបស់វៀតណាម ធ្វើឱ្យទំនាក់ទំនង ភាពជាដៃគូ កិច្ច សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងចិន មានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញការកសាង សហគមន៍ រួមវាសនារវាងវៀតណាមនិងចិនដែលប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ។
ការកសាងទំនុកចិត្តខាង នយោបាយជាមូលដ្ឋាន នៃការធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍រួម វាសនារវាងចិននិងវៀតណាម ។ ភាគីចិនបានថ្លែងថា គាំទ្រវៀតណាមឱ្យប្រកាន់ខ្ជាប់ការដឹកនាំ របស់បក្ស ដើរតាមផ្លូវសង្គមនិយម ដែលសមស្របនឹងសភាពការណ៍ជាតិ របស់ខ្លួន ដើម្បីជំរុញនវានុវត្តន៍ ការបើកទូលាយនិង កិច្ចការទំនើបកម្មសង្គម និយមយ៉ាងស៊ីជម្រៅ ។ ភាគីវៀតណាមថ្លែងថា នឹងអនុវត្តគោលនយោបាយចិនតែមួយយ៉ាងមុតមាំ គាំទ្រចិនឱ្យសម្រេច បាននូវការ បង្រួបបង្រួមជាតិយ៉ាងមុតមាំ និងប្រឆាំងយ៉ាងដាច់ខាតនូវកម្លាំងណាមួយទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។ ប្រឈមមុខនឹងស្ថានការណ៍ ក្នុងតំបន់និងពិភពលោក ដែលមានភាពស្មុគ្រស្មាញ និង បម្រែបម្រួល ចិននិងវៀតណាមនឹង បន្តពួតដៃគ្នាដើរតាមផ្លូវ សង្គមនិយមឱ្យបានល្អ នេះមិនត្រឹមតែមានអំណោយ ផលដល់ការអភិវឌ្ឍ និងស្តារឡើងវិញរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញ ការអភិវឌ្ឍនៃបុព្វហេតុសង្គម និយមពិភពលោកផងដែរ ។

ចិននិងវៀតណាមមាន ទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដ៏ជិតស្និទ្ធ មានភាពបំពេញបន្ថែមគ្នា ខាងឧស្សាហកម្មយ៉ាងខ្លាំង ហើយមានសក្តានុពល យ៉ាងខ្លាំង ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ច សហប្រតិបត្តិការជាក់ស្តែង ។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់វៀតណាមក្នុងរយៈពេលជាច្រើន ឆ្នាំជាប់ៗ គ្នា ហើយវៀតណាមជា ដៃគូពាណិជ្ជកម្មធំ បំផុត នៅអាស៊ាននិងជាដៃគូពាណិជ្ជកម្មធំទីបួន លើទូទាំងពិភពលោករបស់ចិន ។ នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងវៀតណាម បានកើនឡើង ប្រហែល២០,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ភាគីទាំងពីរចិននិងវៀតណាមក៏បានធ្វើការរៀបចំចាត់ចែង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការខាង វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍ បៃតងនិងអណ្តូងរ៉ែគន្លឹះជាដើម ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ទ្វេភាគីឡើងដល់កម្រិតថ្មីទៀត ។

ពង្រឹងកិច្ចកសាងសហគមន៍ រួមវាសនារវាងចិន និងវៀតណាម មិនត្រឹមតែផ្តោតលើការអភិវឌ្ឍរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ឆ្ពោះទៅកាន់ ពិភពលោកផងដែរ ។ នៅពេលអនាគត ភាគីទាំងពីរក៏ នឹងបង្កើនការសម្របសម្រួល និងកិច្ចសហការក្រោមយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាននិងកិច្ចសហប្រតិបត្តិការឡាន ឆាង-មេគង្គជាដើម ដើម្បីជំរុញការធ្វើ ពហុភាគីភាវូបនីយកម្ម ពិភពលោកប្រកបដោយសមភាពនិង សណ្តាប់ធ្នាប់និង សកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាប័ន្ន ។ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាដ៏ល្អ ចំពោះសន្តិភាពនិងការអភិវឌ្ឍ ក្នុងតំបន់និងពិភពលោក ។

សំដៅទៅរកអនាគត ការកសាងសហគមន៍រួម វាសនារវាងចិននិងវៀតណាមឱ្យមានភាពកាន់តែរឹង មាំនិងកាន់តែស៊ីជម្រៅ នឹងផ្តល់ផលប្រយោជន៍ កាន់តែល្អដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏រួមចំណែកកាន់តែធំដល់ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់ និងពិភពលោកផងដែរ ។ ពេលវេលានឹងបញ្ជាក់ថា ទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន”រវាងចិននិងវៀតណាមនឹង បញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី ៕

To Top