នៅថ្ងៃទី ២០ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មាន បានសួរថា ៖ ទាក់ទិននឹងករណី នាវាហ្វីលីពីន និងនាវាឆ្មាំសមុទ្រចិន បាបុកគ្នាកាលពីម្សិលមិញ សហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះទង្វើ របស់ចិន នៅសមុទ្រចិនខាងត្បូង ហើយបានរំលឹកឡើងវិញ នូវការគាំទ្រចំពោះប្រទេសហ្វីលីពីន ។ តើភាគីចិនមានការអត្ថាធិប្បាយ យ៉ាងណាចំពោះករណីនេះ ?
លោកស្រី Mao Ning បានលើកឡើងថា ការពិត នៃរឿងនេះគឺ ភាគីហ្វីលីពីន បានរំលោភសិទ្ធិ និងបង្ករឿងហេតុ ចំពោះប្រទេសចិនជាមុន បន្ទាប់មកទើបភាគីចិន ចាត់វិធានការគាំពារសិទ្ធិ និងផលប្រយោជន៍ តាមផ្លូវច្បាប់ ក្នុងគោលបំណងគាំពារ អធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ ដែនសមុទ្ររបស់ខ្លួន ។ សហរដ្ឋអាមេរិក មិនមែនជាភាគីពាក់ព័ន្ធ នឹងបញ្ហាសមុទ្រចិនខាងត្បូងទេ គឺគ្មានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្រ រវាងចិននិង ហ្វីលីពីន នោះឡើយ ។ សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការញុះញង់ ឱ្យមានការប្រឈមដាក់គ្នា នៅសមុទ្រចិនខាងត្បូង ហើយកុំបំផ្លាញស្ថិរភាព ក្នុងតំបន់និងធ្វើឱ្យមានសភាពតាន តឹងកាន់តែខ្លាំងឡើងថែមទៀត ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យ នៃស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានថ្លែងថា ជានិច្ចកាល ប្រទេសចិន តែងតែដោះស្រាយ ជម្លោះដែនសមុទ្ររវាងចិននិង ហ្វីលីពីន ដោយសមរម្យ តាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា ។ រំពឹងថា ភាគីហ្វីលីពីនអាចគោរព តាមពាក្យសន្យារបស់ខ្លួន គោរពយ៉ាង ប្រាកដប្រជា នូវគំនិតឯកភាពរួម និងការរៀបចំចាត់ចែង ដែលបានឈានដល់ជាមួយភាគីចិន កុំធ្វើសកម្មភាពណា ដែលបណ្តាល ឱ្យស្ថានការណ៍នៅដែនសមុទ្រ មានភាពកាន់តែស្មុគស្មាញ និងរួមសហការជាមួយភាគីចិន ដើម្បីគ្រប់គ្រងស្ថានការណ៍នៅដែនសមុទ្រឱ្យបានលុ្អ ៕