ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ៖ រុស្ស៊ីនិងចិន ស្ថិតនៅលើមាគ៍ាដ៏ត្រឹមត្រូវ ក្នុងការប្រឈមមុខជាមួយនឹងអាមេរិក

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយក្នុងអំឡុងជំនួបជាមួយសមភាគីចិន លោក Li Qiang កាលពីថ្ងៃពុធថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងកំពុងដើរលើផ្លូវ ដ៏ត្រឹមត្រូវមួយក្នុងការប្រយុទ្ធប្រឆាំងនឹង ការប្រកួតប្រជែងមិនយុត្តិធម៌ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។

លោក Li ដែលបានក្លាយជានាយករដ្ឋមន្ត្រីចិន កាលពីឆ្នាំទៅនោះបាននឹងកំពុង បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូតាមការអញ្ជើញរបស់ Mishustin ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងប្រធានាធិបតី Vladimir Putin និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយចំនួនផងដែរហើយ ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នេះ​គឺ​ជា ​ផ្នែក​នៃ​ការ​ចូលរួម​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​។

នៅក្នុង​សុន្ទរកថា ​ស្វាគមន៍​ភ្ញៀវ​របស់​លោក នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​ថ្លែង​ថា ទាំង​ក្រុង​មូស្គូ និង​ក្រុង​ប៉េកាំង​កំពុង​ប្រឈម​មុខ​នឹង ​បញ្ហា​ដូច​គ្នា​ខណៈ​ពួកគេ​មាន​ ភាព​រឹងមាំខាងផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ។

មេដឹកនាំរូបនេះបានបន្តទៀតថា ប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម ខុសច្បាប់ក្រោមលេសផ្សេងៗ ដែលស្មើនឹងការប្រកួតប្រជែងមិនយុត្តិធម៌។ ពួកគេកំពុងព្យាយាមរក្សាការត្រួតត្រា ពិភពលោករបស់ពួកគេ ដើម្បីទប់ស្កាត់សក្តានុពលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី និងចិន។

គួរឲ្យដឹងដែរថារុស្ស៊ី និងចិនកំពុងបង្កើនទំនាក់ទំនង បច្ចុប្បន្នរបស់ពួកគេថា ជាភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់ ហើយនិយាយថា ខ្លួនសម្រេចបាននូវកម្រិតនៃ ការជឿទុកចិត្តដែលមិនធ្លាប់មានពីមុនមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top