ព័ត៌មានអន្តរជាតិ

ថៃ៖ ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ដឹកមនុស្ស៩នាក់ ក្នុងនោះមានជនជាតិ៥នាក់, ក្រុមសង្គ្រោះកំពុងស្វែងរក

Photo: Bang Pakong News Facebook

បរទេស៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានបន្តរហូតដល់យប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងព្រៃកោងកាង មួយកន្លែងក្នុងស្រុក Bang Pakong នៃខេត្ត Chachoengsao កាលពីពេលរសៀល ថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមគេហទំព័រតាមដានជើងហោះហើរ FL360aero គឺ សេវាហោះហើរ Thai Flying Service Cessna Caravan C208 (HS-SKR) ដែលមានមនុស្ស ៩ នាក់នៅលើយន្តហោះបានចាកចេញ ពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២ និង៤៦នាទី រសៀល ដោយឆ្ពោះទៅកាន់អាកាសយានដ្ឋាន Ko Mai Chee ក្នុងខេត្តត្រាត។ យន្តហោះត្រូវបានគេរាយការណ៍ថា បានបាត់ការទាក់ទងជាមួយប៉មបញ្ជា នៅព្រលានសុវណ្ណភូមិនៅម៉ោងប្រហែល ៣ រសៀល។

ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​និង​១៨​នាទី​រសៀល នៅ​ខាងក្រោយ​ Wat Khao Din ក្នុង​ស្រុក Bang Pakong ។

បំណែក​យន្តហោះ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ នៅ​ក្នុង​ភក់​ក្នុង​ព្រៃ​កោងកាង​ក្បែរ​ប្រាសាទមូយកន្លែង។ សម្លៀក​បំពាក់​ស្ត្រី និង​រូបថត​ស្ត្រី​បរទេស​បី​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​នោះ។

អ្នកជិះលើយន្តហោះទាំង៩នាក់នេះ ត្រូវបានគេរាយការណ៍ថា មានជនជាតិចិន៥នាក់ និងអ្នកដំណើរថៃ២នាក់ និងអ្នកបើកយន្តហោះជនជាតិថៃម្នាក់ និងសហពីឡុតម្នាក់ទៀត។

មន្ត្រីប៉ូលីសមកពីប៉ុស្តិ៍ប៉ូលីស Bang Pakong បាននិយាយថា ក្រុមរុករកកំពុងប្រមូលបំណែកយន្តហោះ ប៉ុន្តែគ្មានដាននៃអ្នកកាន់យន្តហោះត្រូវបានរកឃើញទេ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។

ការស្វែងរកមានភាពស្មុគស្មាញដោយសារ ទឹកជន់លិចទីតាំងនៅជិតមាត់ទន្លេ Bang Pakong ក្បែរនោះ នេះបើយោងតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top