ព័ត៌មានអន្តរជាតិ

ពលរដ្ឋចំនួន ៥៨២នាក់ ត្រូវបានជម្លៀសខ្លួនចេញភ្លាមៗ ក្រោយពីរកឃើញគ្រាប់បែកមិនទាន់ផ្ទុះនៅ រោងចក្រគីមីមួយកន្លែង នៅសាធារណរដ្ឋឆេក

AFP

PRAGUE៖កាលពីថ្ងៃពុធប៉ូលិសសាធារណដ្ឋឆេក បានជម្លៀសពលរដ្ឋចំនួន៥៨២នាក់ ចេញពីតំបន់ជុំវិញរោងចក្រគីមីមួយកន្លែង នៅក្នុងតំបន់ភាគពាយព្យ នៃប្រទេសនេះដោយសារតែ “ហានិភ័យខ្ពស់នៃការផ្ទុះ” បន្ទាប់ពីបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ។

ក្រុមហ៊ុនចម្រាញ់ និងគីមីឥន្ធនៈរបស់សាធារណរដ្ឋឆេក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា “គ្រាប់បែកមិនទាន់ផ្ទុះសល់ ពីសង្គ្រាមលោកលើកទី២” ត្រូវបានរកឃើញក្នុងអំឡុងពេលការងារ ជីកកកាយនៅតំបន់ដាច់ស្រយាលនៃរោងចក្រ Orlen Unipetrol នៅជិតក្រុង Litvinov ស្រុក Most ។

អ្នកជំនាញមកពីអង្គភាពប៉ូលិស និងនាយកដ្ឋានសង្គ្រោះផ្នែកអគ្គីភ័យ នៅក្នុងតំបន់បានធ្វើអន្តរាគមន៍ ហើយបានធ្វើការជម្លៀសមួយផ្នែក ត្រូវបានបញ្ជាឱ្យនៅក្នុង ផ្នែកចម្រាញ់នៃរោងចក្រនេះ ។

ប៉ូលិសបានបញ្ជាក់ថា “គ្រាប់បែកដែលមានទម្ងន់ ២៥០គីឡូក្រាម នឹងដាក់ឲ្យនៅកន្លែងដដែលរហូតដល់ ថ្ងៃទី២៦ ខែសីហា។ ឥឡូវនេះក្រុមការងារកំពុងប្រជុំ ដើម្បីសម្រេចចិត្តលើការងារសកម្មភាព ដែលត្រូវធ្វើបន្ទាប់ទៀត” ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ឆេកបានផ្សាយថា គ្រាប់បែកមិនទាន់ផ្ទុះសល់ពីសង្គ្រាមលោកលើកទី២ ត្រូវបានគេរកឃើញម្តងហើយម្តងទៀត នៅក្នុងស្រុកភាគច្រើនកាលពីពេលកន្លងមក ។ នៅក្នុងខែឧសភា ឆ្នាំ២០២១ មនុស្សចំនួន៥.៤០០នាក់ ត្រូវជម្លៀសខ្លួនចេញ ក្រោយពីគ្រាប់បែកត្រូវបានរកឃើញ នៅក្នុងបរិវេណរោងចក្រគីមីមួយកន្លែង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top