ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ប៉ាឡេស្ទីន អំពាវនាវ​ឲ្យ​បណ្ដាមេដឹកនាំ​ពិភពលោក ធ្វើ​ទស្សនកិច្ច​នៅ​តំបន់ហ្គាហ្សា

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានប្រកាសពីចេតនារបស់លោក និងចេតនារបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ក្នុងការធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យមេដឹកនាំ មកពីជុំវិញពិភពលោកចូលរួមជាមួយលោក និងគាំទ្រគំនិតផ្តួចផ្តើមនេះ។

លោក Riyad Mansour អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃរដ្ឋប៉ាឡេស្ទីន ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីនផងដែរ។

លោក Mansour បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ចូលរួមក្នុងដំណើរទស្សនកិច្ច ទៅកាន់តំបន់ហ្គាហ្សា ដើម្បីមើលឃើញដោយផ្ទាល់ពី “ភាពភ័យរន្ធត់ ដែលប្រជាជនរបស់យើងកំពុងជួបប្រទះ” ។

លោកក៏បានអំពាវនាវដល់ សមាជិកក្រុមប្រឹក្សាសន្តិសុខឱ្យគាំទ្រ និងជំរុញឱ្យមានការធានា នូវសមត្ថភាពរបស់លោក អាបាស ក្នុងការទៅដល់តំបន់ហ្គាហ្សា និងធ្វើការជាបន្ទាន់ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ និងបញ្ឈប់ឧក្រិដ្ឋកម្មដែលកំពុង ប្រព្រឹត្តលើប្រជាជនប៉ាឡេស្ទីន។

លោកបានលើកឡើងថា “ត្រូវតែមានបទឈប់បាញ់ឥឡូវនេះ” ស្របតាមលក្ខខណ្ឌនៃដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៣៥ លោកថា “ពេលវេលាសម្រាប់ការរង់ចាំបានចប់ហើយ” ។

ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះ បានប្រកាសកាលពីសប្តាហ៍មុន អំពីបំណងរបស់លោកក្នុងដំណើរទស្សនកិច្ច ទៅកាន់តំបន់ហ្គាហ្សា ជាមួយសមាជិកដទៃទៀត នៃថ្នាក់ដឹកនាំប៉ាឡេស្ទីន ហើយបានចេញក្រឹត្យមួយកាលពីល្ងាចថ្ងៃពុធ ដើម្បីបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ ប៉ុន្ដែមិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top