ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ធ្វើទស្សនកិច្ចនៅតំបន់ Sumy ជាប់ព្រំដែនរុស្ស៊ី

Xinhua

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានទៅទស្សនាតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។

ក្នុងដំណើររបស់លោក លោក ហ្សេឡិនស្គី បានទៅទស្សនាតំបន់ព្រំដែន Sumy និងបានជួបជាមួយអគ្គមេបញ្ជាការនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក Oleksandr Syrsky និងអភិបាលតំបន់ Sumy លោក Volodymyr Artyukh ។

លោក Syrsky បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា កងកម្លាំងអ៊ុយក្រែន បានគ្រប់គ្រងការតាំងទីលំនៅ មួយផ្សេងទៀតនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ហើយបានចាប់ខ្លួនទាហានរុស្ស៊ីបន្ថែមទៀត។

សម្រាប់ផ្នែករបស់លោកវិញ លោក Artyukh បានឲ្យដឹងថា ការបាញ់ផ្លោងនៃតំបន់ Sumy និងចំនួនជនស៊ីវិល ដែលស្លាប់បាត់បង់ជីវិតនៅក្នុងតំបន់នេះ បានថយចុះចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីបានពិភាក្សាអំពីសកម្មភាព សម្របសម្រួលរវាងយោធា ប៉ូលីស និងសេវារដ្ឋរបស់អ៊ុយក្រែន សម្រាប់គ្រាអាសន្ននៅតំបន់ព្រំដែន និងការរៀបចំក្បួនរថយន្តមនុស្សធម៌ ទៅកាន់តំបន់ Kursk ។

អ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការ យោធានៅក្នុងតំបន់ Kursk កាលពីថ្ងៃទី០៦ ខែសីហា ក្នុងនោះលោក Syrsky បានឲ្យដឹងមុននេះថា អ៊ុយក្រែនបានកាន់កាប់ កន្លែងតាំងទីលំនៅជាង ៩០ នៅក្នុងតំបន់ដែលរងគ្រោះដោយជម្លោះ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top