ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៤០,៣៥៦នាក់

Xinhua

ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,២៥៦នាក់ហើយ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤២នាក់ និងរបួស ១៦៣នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,២៥៦នាក់ និងរបួសដល់ ៩៣,១៤៤នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលផ្ទុះឡើង។

ប្រភពបានឲ្យដឹងថា នៅមានជនរងគ្រោះមួយចំនួនទៀត ជាប់នៅក្រោមគំនរបាក់បែក និងរាយប៉ាយនៅលើដងផ្លូវ ដោយសាររថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេបាន។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា “អណ្តូងទឹកដ៏សំខាន់ និងហេដ្ឋារចនាសម្ព័ន្ធអនាម័យ ត្រូវបានខូចខាតម្តងហើយម្តងទៀត ដោយសារសង្រ្គាមមួយនេះ” ។

ប្រភពបានបន្ថែមថា “ជាមួយនឹងភាពចង្អៀតណែន ទៅដោយចំនួនប្រជាជន កង្វះអនាម័យ និងកំដៅដែលមិនអាចទ្រាំទ្របាន ការទទួលបានទឹកស្អាតនៅតែបន្ត ជាការតស៊ូសម្រាប់ពលរដ្ឋ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប”។

អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុក របស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០ នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top