បរទេស៖ មិនត្រឹមតែពាណិជ្ជកម្មប្រចាំឆ្នាំ ជាមួយចិនកើនលើស ១០០ពាន់លានដុល្លារប៉ុណ្ណោះទេ ប្រទេសចិនក៏បានក្លាយជាអ្នកវិនិយោគ លំដាប់កំពូលមួយរបស់វៀតណាម ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Ngo Tuong Vy នាយកប្រតិបត្តិនៃក្រុមហ៊ុន Chanh Thu ដែលជាក្រុមហ៊ុននាំចេញផ្លែឈើ ដ៏ធំបំផុតមួយរបស់វៀតណាម បាននិយាយថា ក្រុមហ៊ុនរបស់លោកស្រីបានទទួលការ បញ្ជាទិញយ៉ាងច្រើនពីប្រទេសចិននាពេលថ្មីៗនេះ សម្រាប់ទុរេនគុណភាពខ្ពស់។
នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ប្រទេសចិនបានទិញទុរេនវៀតណាមជាង ១,២ពាន់លានដុល្លារ ដែលកើនឡើង ៤៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
វៀតណាមទើបតែដឹកជញ្ជូនទុរេនស្រស់ ទៅប្រទេសចិនតាំងពីឆ្នាំ២០២២ នៅពេលដែលវៀតណាមទទួលបានភ្លើងខៀវ សម្រាប់ការនាំចូលជាផ្លូវការ។ ប៉ុន្តែកាលពីថ្ងៃចន្ទ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងរដ្ឋបាលទូទៅនៃគយរបស់ប្រទេសចិន បានចុះហត្ថលេខាលើពិធីសារមួយចំនួន ដែលអនុញ្ញាតឱ្យមានការនាំចេញទុរេនបង្កក និងដូងស្រស់។
ជាមួយនឹងពិធីសារថ្មីដែលបានចុះហត្ថលេខា ការនាំចេញទុរេនបង្កកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤០០-៥០០ លានដុល្លារនៅឆ្នាំនេះ ខណៈដែលការនាំចេញដូងស្រស់ ត្រូវបានកំណត់ថានឹងកើនឡើងពី ២០០ ទៅ ៣០០ លានដុល្លារ។
វៀតណាមបានលក់បន្លែ និងផ្លែឈើ តម្លៃជិត ២,២ ពាន់លានដុល្លារទៅឱ្យប្រទេសចិន ក្នុងឆមាសទីមួយ កើនឡើង ៣៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យវៀតណាមបានក្លាយជា ប្រភពកសិផលធំទីពីររបស់ចិនបន្ទាប់ពីប្រទេសថៃ ៕
ប្រែសម្រួលៈ ណៃ តុលា