ព័ត៌មានអន្តរជាតិ

Updated ៖ ពលរដ្ឋហ្គាហ្សា ៤០,៤០៥នាក់ ត្រូវបានសម្លាប់ ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល

" "

ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅ តំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ជាជនជាតិ ប៉ាឡេស្ទីន ពីការវាយប្រហារ របស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៤០៥នាក់ហើយ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៧១នាក់ និងរបួស ១១២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៤០៥នាក់ និងរបួសដល់ ៩៣,៤៦៨នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើង។

" "

របាយការណ៍បានឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក និងរាយប៉ាយនៅលើផ្លូវ ដោយសាររថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល មិនអាចទៅដល់ពួកគេបាន។

" "

អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា ទោះបីជាមានការខ្វះខាតធនធាន និងការលំបាកក្នុងប្រតិបត្តិការក៏ដោយ ក៏មន្ទីរពេទ្យ European Gaza នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បានបន្តប្រតិបត្តិការឡើងវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៥០ ថ្ងៃ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពេលនេះមន្ទីរពេទ្យកំពុង ផ្តល់សេវាពេញម៉ោងក្នុងការវះកាត់ ពេទ្យកុមារ និងផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដើម្បីសងសឹក នឹងការវាយលុក របស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែន ភាគខាងត្បូង អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០ នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top