ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងលោកនាយករដ្ឋមន្ត្រី ឥណ្ឌា Modi ជួបសន្ទនាគ្នាលើកឡើង

AFP

អំពីការបញ្ចប់ជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានជួបសន្ទនាជាមួយលោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលលើកឡើងអំពីដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសអ៊ុយក្រែន ដោយសេតវិមានបានសម្តែងក្តីសង្ឃឹមថា លោកបានទទួលយកទស្សនៈរបស់ទីក្រុង គៀវ ស្តីពីការបញ្ចប់ការឈ្លានពានរបស់ប្រទេសរុស្ស៊ី ។

លោក Modi ដែលបានធ្វើឱ្យប្រជាជនអ៊ុយក្រែន ខឹងសម្បារដោយការឱបប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងទីក្រុងម៉ូស្គូ កាលពីពេលថ្មីៗនេះ បានធ្វើទស្សនកិច្ច ទៅកាន់ទីក្រុង គៀវ កាលពីថ្ងៃសុក្រ ហើយបានប្រាប់ ដល់ប្រធានាធិបតី Volodymyr Zelenskyy ថា “គ្មានបញ្ហាអ្វីគួរត្រូវបានដោះស្រាយនៅសមរភូមិឡើយ” ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបានដាក់ថា ថ្លែងទៅកាន់លោក បៃដិន តាមទូរស័ព្ទ លោក Modi “បានរំលឹកឡើងវិញនូវជំហរជាប់លាប់របស់ប្រទេសឥណ្ឌា ដែលពេញចិត្តចំពោះការសន្ទនា និងការទូត ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និងស្ថិរភាពឡើងវិញ” ។

នៅគ្រាដែលមានការចោទសួរអំពីការឆ្លើយតបរបស់លោក បៃដិន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានលើកឡើងថា សហរដ្ឋអាមេរិក បានគាំទ្រប្រទេសទាំងអស់ដែលស្តាប់ទស្សនៈរបស់លោក Zelenskyy លើការបញ្ចប់សង្គ្រាម ។

លោក Kirby បានប្រាប់ដល់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា “យើងស្វាគមន៍ប្រទេសផ្សេងទៀតដែលចង់ជួយប្រធានាធិបតី Zelenskyy ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាព” ៕
ប្រែសម្រួលដោយ ៖ ម៉ៅ បុប្ផាមករា

To Top