បេរូត៖ ក្រុមហេសបូឡា បានអះអាងកាលពីល្ងាចថ្ងៃចន្ទថា ខ្លួនបានកំណត់គោលដៅលើ “ឧបករណ៍ចារកម្ម” របស់អ៊ីស្រាអែល នៅឯទីតាំង Ramyah ភាគខាងជើង ប្រទេសអ៊ីស្រាអែល ជាមួយនឹងយន្តហោះដ្រូនអត្តឃាត។
ក្រុមស៊ីអីត បានឲ្យដឹងថា “ដើម្បីគាំទ្រប្រជាជន ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងការតស៊ូរបស់ពួកគេ អ្នកប្រយុទ្ធរបស់យើង បានកំណត់គោលដៅ ឧបករណ៍ចារកម្មនៅទីតាំង Ramyah ជាមួយនឹងយន្តហោះដ្រូនអត្ដឃាត ដោយបានវាយប្រហារ លើទីតាំងនោះដោយផ្ទាល់” ។
ប្រភពយោធានៅក្នុង ប្រទេសលីបង់ ដែលនិយាយដោយអនាមិកបានប្រាប់ស៊ីនហួថា យន្តហោះដ្រូន និងយន្តហោះចម្បាំង របស់អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួន ១២ លើទីក្រុង និងភូមិព្រំដែននៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ។ ការវាយប្រហារនេះបានចំគោលដៅរថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង បណ្តាលឱ្យខូចខាតតែសម្ភារៈ ប៉ុន្ដែមិនបណ្ដាលឲ្យនរណាម្នាក់ស្លាប់ឡើយ ។
ពួកគេបានបន្ថែមថា យន្តហោះដ្រូនរបស់អ៊ីស្រាអែល បានបាញ់កាំជ្រួចពីអាកាសទៅដីចំនួនពីរគ្រាប់ ទៅកាន់យានជំនិះ ដែលធ្វើដំណើរលើ ផ្លូវធំក្នុងតំបន់ Abra ដោយបានធ្វើឲ្យរថយន្តផ្ទុះឆេះ។ អ្នកបើកបរដែលត្រូវ បានគេរាយការណ៍ថា ជាមេដឹកនាំនៃបក្សពួកប៉ាឡេស្ទីន បានរួចជីវិតពីការវាយប្រហារនេះ ។
កាំភ្លើងធំរបស់អ៊ីស្រាអែល បានបាញ់ផ្លោង ទីប្រជុំជនព្រំដែនចំនួន ១៦ នៅភាគខាងត្បូងប្រទេសលីបង់ ដោយបានបំផ្លាញ ផ្ទះចំនួន ១១ ខ្នង និងខូចខាតប្រហែល ២៤ខ្នង ដោយមិនមានការរាយការណ៍ពីមនុស្សស្លាប់នោះទេ។
ចាប់តាំងពីព្រឹកថ្ងៃអាទិត្យមក កងកម្លាំង អ៊ីស្រាអែល និងក្រុមហេសបូឡា បានធ្វើការបាញ់ប្រហារគ្នា យ៉ាងទូលំទូលាយនៅ តាមព្រំដែនអ៊ីស្រាអែល និងលីបង់ ដែលជាការកត់សម្គាល់ ការកើនឡើង គួរឱ្យកត់សម្គាល់នៅក្នុងជម្លោះរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា