វ៉ាស៊ីនតោន ៖ កាលពីថ្ងៃអង្គារ លោក Jack Smith ទីប្រឹក្សាពិសេស របស់សហរដ្ឋអាមេរិក បានដាក់ការចោទប្រកាន់ថ្មី មួយនៅក្នុងសំណុំរឿង ព្រហ្មទណ្ឌសហព័ន្ធប្រឆាំង នឹងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី ដែលជាបេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការកំពូល ដែលបានផ្តល់ឱ្យលោក ត្រាំ ដកអភ័យឯកសិទ្ធិពីការកាត់ទោសអំពីអាកប្បកិរិយា “ផ្លូវការ” របស់គាត់ ធ្វើជាប្រធានាធិបតី ។
ការចោទប្រកាន់ថ្មីនេះ បានទម្លាក់ការចោទប្រកាន់ជាក់លាក់មួយចំនួន ប្រឆាំងនឹង ត្រាំ ប៉ុន្តែរក្សាការចោទប្រកាន់ព្រហ្មទណ្ឌចំនួន៤ដដែល រួមទាំងការសមគំនិត ក្នុងការបោកប្រាស់សហរដ្ឋអាមេរិក និងការសមគំនិត ដើម្បីរារាំងដំណើរការផ្លូវការមួយ ។
គួរបញ្ជាក់ថា ការចោទប្រកាន់នេះ បានចោទប្រកាន់ អតីតប្រធានាធិបតី សហរដ្ឋអាមេរិកថា បានរៀបចំការឃុបឃិតគ្នា ដើម្បីផ្តួលរំលំការបោះឆ្នោត ឆ្នាំ២០២០ និងផ្តាច់សិទ្ធិអ្នកបោះឆ្នោតរាប់លាននាក់ ដែលជាផែនការមួយ ដែលត្រូវបានចោទប្រកាន់ថា បាននាំឱ្យមានការវាយប្រហារ ដោយហិង្សាជាបន្តបន្ទាប់លើប៉ូលិសនៅឯវិមានកាពីតូល នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ។
ឯកសារតុលាការបានបង្ហាញឲ្យដឹងថា ជនជាប់ចោទបានប្រើយុទ្ធនាការ របស់គាត់ដើម្បី “ផ្សាយឡើងវិញ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដែលនេះជាការអះអាងមិនពិត នៃការក្លែងបន្លំការបោះឆ្នោត” ដើម្បីធ្វើឱ្យការអះអាងមិនពិត របស់គាត់លេចឡើងស្របច្បាប់ បង្កើតបរិយាកាសជាតិ នៃការមិនទុកចិត្ត និងកំហឹង និងបំផ្លាញជំនឿសាធារណៈ ក្នុងការគ្រប់គ្រងការបោះឆ្នោត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា