ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ថ្កោលទោស​​ ការ​វាយប្រហារ ​ភេរវកម្ម ​នៅប៊ូគីណាហ្វាសូ

AFP

យូអិន ៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម នៅកណ្តាលប្រទេស ប៊ូគីណាហ្វាសូ កាលពីចុងសប្តាហ៍នេះ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទប្រចាំថ្ងៃមួយថា លោក Guterres បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនប៊ូគីណាហ្វាសូ ហើយបានជូនពរឱ្យមានការជាសះស្បើយភ្លាមៗ ដល់អ្នករងរបួស។

លោក Dujarric បានលើកឡើងថា “អគ្គលេខាធិការបង្ហាញពីសាមគ្គីភាពរបស់លោកជាមួយអាជ្ញាធរអន្តរកាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយអំពាវនាវឱ្យពួកគេធានាថា អ្នកទទួលខុសត្រូវ ចំពោះទង្វើដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះត្រូវបានកាត់ទោស” ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាច្រើននាក់ ដែលភាគច្រើន ជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ មួយកាលពីថ្ងៃសៅរ៍នៅទីក្រុង Barsalogho ភាគខាងជើងប្រទេស ។

ទន្ទឹមនឹងនេះ ការិយាល័យអង្គការ សហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃអង្គារបានព្រមានអំពីវិបត្តិ មនុស្សធម៌ធ្ងន់ធ្ងរនៅទីក្រុង Barsalogho សូម្បីតែមុនពេលការវាយប្រហារក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top