ព័ត៌មានអន្តរជាតិ

រុស្ស៊ី សន្យាគាំទ្ររដ្ឋាភិបាល បណ្តោះអាសន្ន របស់បង់ក្លាដែស នៅលើឆាកអន្តរជាតិ អំឡុងពេលចលាចលនយោបាយ

AFP

បរទេស៖ លោក Aleksandr Mantytsky ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបង់ក្លាដែស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូនឹងបន្តគាំទ្រទីក្រុង Dhaka (បង់ក្លាដែស) ក្នុងឆាកអន្តរជាតិ ខណៈលោកបានជួបជាមួយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus ដែលជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសស្ថិតនៅអាស៊ីខាងត្បូងមួយនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស ត្រូវបានបង្កើតឡើងនៅដើមខែនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីនៅពេលនោះ គឺលោកស្រី Sheikh Hasina ត្រូវបានទម្លាក់ចេញពីអំណាច និងបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីការតវ៉ាដ៏ខ្លាំងក្លាដែលដឹកនាំដោយនិស្សិត។

កាសែត Daily Prothom Alo បានរាយការណ៍ថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ភាគីទាំងពីរនៅទីក្រុង Dhaka លោក Mantytsky និង លោក Yunus បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រួមទាំងគម្រោងសម្រាប់ការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ Rooppur កម្លាំង ២.៤០០ មេហ្គាវ៉ាត់នៅប្រទេសបង់ក្លាដែស។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ការរុករកថាមពល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោក Mantytsky បាននិយាយថា ការសាងសង់រោងចក្រ Rooppur ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧ គឺស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយនឹងដំណើរការនៅឆ្នាំក្រោយ។ គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រទេសរុស្ស៊ីតាមរយៈគ្រឹះស្ថានឥណទានជាច្រើន រួមទាំងខ្សែឥណទានសម្រាប់ 90% នៃកិច្ចសន្យាតម្លៃ ១២,៦៥ ពាន់លានដុល្លារសម្រាប់ការសាងសង់ រោងចក្រដែលបានចុះហត្ថលេខា រវាងគណៈកម្មការថាមពលអាតូមិកបង់ក្លាដែស និងក្រុមហ៊ុន Atomstroyexport ដែលជាឧបករណ៍ថាមពលនុយក្លេអ៊ែរ និងអ្នកនាំចេញសេវាកម្មរបស់ Rosatom ។ ប្រាក់កម្ចីអាចសងវិញក្នុងរយៈពេល ២៨ ឆ្នាំជាមួយនឹងរយៈពេលអនុគ្រោះ ១០ឆ្នាំ។

កាលពីដើមខែនេះ លោក Mantytsky បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងមូស្គូនឹងធ្វើការជាមួយមេដឹកនាំណាមួយ នៃប្រទេសបង់ក្លាដែស ដែលមានបំណងចូលរួមក្នុង “ការសន្ទនាដោយស្មើភាព និងគោរពគ្នាទៅវិញទៅមក” ជាមួយរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top