បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បានអះអាងថា កងទ័ពអាកាសអ៊ុយក្រែន បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ី កាលពីថ្ងៃចន្ទ។
ប្រភពដដែលបានសរសេរទៀតថា ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា ចំនួនយន្តហោះចម្បាំងដែលផ្តល់ដោយ លោកខាងលិចមកទល់ពេលនេះ គឺនៅមិនគ្រប់គ្រាន់នៅឡើយទេ។

ប្រទេសជាសមាជិកមួយចំនួនរបស់ អង្គការណាតូរួមមានសហរដ្ឋអាមេរិក បារាំង ប៊ុលហ្គារី ដាណឺម៉ាក ហូឡង់ បែលហ្សិក កាណាដា លុចសំបួ ន័រវេស ប៉ូឡូញ ប៉ទុយហ្គាល់ រូម៉ានី និងស៊ុយអែត បានសន្យាបរិច្ចាគយន្តហោះ ទៅទីក្រុងគៀវកាលពីឆ្នាំមុន។
ខណៈពេលដែលមិនមាន ពេលវេលាកំណត់នោះទេ ដោយយន្តហោះដែលរំពឹងថា នឹងមកដល់ជាក្រុមជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ អ៊ុយក្រែនអាចរំពឹងថា នឹងមានយន្តហោះចម្បាំងប្រហែល ៨៥គ្រឿង នេះបើយោងតាមការប៉ាន់ស្មាន របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា៖យន្តហោះ F-16 ត្រូវបានប្រើប្រាស់រួចរាល់ហើយព្រមទាំងទទួលបានលទ្ធផលល្អ ជាផ្នែកមួយនៃការវាយប្រហារមីស៊ីល របស់រុស្ស៊ី ដ៏ធំសម្បើមនេះ កាលពីថ្ងៃចន្ទ យើងបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត មួយចំនួនដោយមានជំនួយពី F-16ទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី
