ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​កងកម្លាំង​​ បរទេស​បញ្ចប់​វត្តមាន ​យោធា​ខុសច្បាប់ នៅក្នុង​ប្រទេស​ស៊ីរី

Xinhua

ប៉េកាំង៖ បេសកជនចិន បានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ របស់ខ្លួនលើប្រទេសស៊ីរី និងកងកម្លាំងបរទេសផ្សេងទៀត បញ្ចប់វត្តមានយោធាខុសច្បាប់ របស់ពួកគេនៅក្នុងប្រទេសស៊ីរី ។

នៅក្នុងសុន្ទរកថា នៅឯសន្និសីទសង្ខេបក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស៊ីរី លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

លោកបានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីរក្សាស្ថិរភាពនៃប្រទេសក្នុងតំបន់ រួមទាំងស៊ីរី និងបានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួន លើប្រទេសស៊ីរី និងកងកម្លាំងបរទេស ដើម្បីបញ្ចប់វត្តមានយោធាខុសច្បាប់ នៅក្នុងប្រទេសស៊ីរី ។

លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវ ដល់មហាអំណាចធំៗនៅក្រៅតំបន់ ដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា ប្រទេសចិន គាំទ្រកិច្ចខិតខំប្រឹងប្រែង របស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីលោក Geir Pedersen ក្នុងការបន្តធ្វើការ ជាមួយភាគីទាំងអស់ស្របតាមគោលការណ៍ ដឹកនាំដោយស៊ីរី និងគ្រប់គ្រងដោយស៊ីរី ហើយទន្ទឹងរង់ចាំកិច្ចសហការ នៃយន្តការសន្ទនា ដែលមានស្រាប់ ដែលផ្អែកលើការទំនាក់ទំនង និង ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលស៊ីរី នឹងផ្តល់កម្លាំងរុញច្រានដល់ ដំណោះស្រាយនយោបាយ ។

ដោយគូសបញ្ជាក់ថា ដំណើរការនយោបាយស្ថិរភាពមិនអាចសម្រេចបានដោយគ្មានបរិយាកាសសន្តិសុខអំណោយផលនោះទេ លោកបានលើកឡើងថា ប្រទេសចិន គាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងប្រឆាំង ភេរវកម្មកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលស៊ីរី និងអំពាវនាវឱ្យសហគមន៍ អន្តរជាតិចូលរួមកម្លាំង ស្របតាមច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងភេរវករនៅក្នុង ប្រទេសស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top