ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ទៅអាមេរិកថា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមឧស្សាហកម្ម ឬសង្គ្រាមបច្ចេកវិទ្យា  គ្មានអ្នកឈ្នះនោះទេ

Xinhua

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បានឲ្យដឹងនៅចំពោះមុខកាលៈទេសៈ និងបញ្ហាប្រឈមថ្មីៗនេះថា គ្មានការគេចវេសមិនដោះស្រាយបញ្ហានោះទេ ហើយសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមឧស្សាហកម្ម ឬសង្គ្រាមបច្ចេកវិទ្យា មិនបង្កើតឱ្យមានអ្នកឈ្នះឡើយ “។

ការកត់សម្គាល់របស់លោក នៅក្នុងវេទិកាធុរកិច្ចអាមេរិក-ចិនលើកទី៦ ដែលរៀបចំដោយ Forbes China ក្នុងទីក្រុងញូវយ៉ក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “ការបំផុសគំនិតដ៏សំខាន់ ដែលយើងអាចទទួលបានពីទំនាក់ទំនងចិន-អាមេរិក ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ គឺនៅពេលដែលយើងធ្វើការ ជាមួយគ្នា ប្រទេស និងប្រជាជន នឹង មានភាពសុខដុមរមនា ប៉ុន្តែនៅពេលដែលយើង ងាកមករកការប្រឈមមុខ ដាក់គ្នាទៅវិញទៅមក ភាគីទាំងសងខាង និងពិភពលោកនឹងទទួលរងនូវបញ្ហាប្រឈមកាន់តែច្រើន”។

លោកឯកអគ្គរដ្ឋទូតបាន កត់សម្គាល់ថា ក្នុងនាមជាក្បាលម៉ាស៊ីនកំពូលពីរនៃកំណើនសេដ្ឋកិច្ចពិភពលោក ប្រទេសចិន និងសហរដ្ឋអាមេរិកបង្កើត បានលើសពីមួយភាគបីនៃសេដ្ឋកិច្ចពិភពលោក និងប្រហែល ១ ភាគ ៥ នៃពាណិជ្ជកម្មពិភពលោក។

លោក​បាន​បន្ត​ថា “ការ​បែកបាក់​គ្នា​រវាង​យើង​នឹង​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ក្រ​ទៅៗ​”។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មពីរផ្លូវបានពង្រីកជាង ២០០ដង លើសពី ៦០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកបានកត់សម្គាល់ដោយបន្ថែមថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មពីរផ្លូវបានកើនឡើង ៤,១ភាគរយ ។

លោក​បាន​បន្ត​ថា “ដូច្នេះ យើង​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស៊ីជម្រៅ​រួច​ហើយ ហើយ​ជា​មូលដ្ឋាន​មិនអាច​បំបែក​ពី​គ្នា​បាន​”។ ឯកអគ្គរដ្ឋទូតចិនរូបនេះ បានបន្ដថា នៅពេលដែលជុំថ្មីនៃបដិវត្តន៍វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា និងការផ្លាស់ប្តូរឧស្សាហកម្មកំពុងកើតឡើង ប្រទេសទាំងអស់ គឺនៅលើទូកដែលធ្វើដំណើរ តាមខ្សែទឹក ពោលគឺប្រឈមមុខនឹងបញ្ហាជាមួយគ្នា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top