បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែក ស៊ើបការណ៍សម្ងាត់អាមេរិកបានទទួលស្គាល់ថា ទីក្រុងគៀវមានលទ្ធភាពទទួលបាន រូបភាពផ្កាយរណបជាច្រើន សម្រាប់រៀបចំផែនការ និងប្រតិបត្តិការលុកលុយរបស់ខ្លួននៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង វ៉ាស៊ីនតោន នៅតែបន្តបដិសេធថា អាមេរិកមិនបានដឹងជាមុន អំពីការលុកលុយនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុឧត្តមនាវីឯក Frank Whitworth នាយកទីភ្នាក់ងារស៊ើបការណ៍ភូមិសាស្ត្រជាតិ (NGA) បានអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងរបាយការណ៍កាលពីសប្តាហ៍មុនដោយកាសែត The New York Times ដែលបានសរសេរថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស “បានផ្តល់រូបភាពផ្កាយរណប និងព័ត៌មានផ្សេងទៀតដល់អ៊ុយក្រែន” នៅលើតំបន់ Kursk ។ ទីក្រុងគៀវបានបញ្ជូនទាហានប្រដាប់អាវុធច្រើនពាន់នាក់ ចូលទៅក្នុងតំបន់នេះកាលពីដើមខែនេះ។
របាយការណ៍របស់កាសែត The Times បានឱ្យដឹងថា ការស៊ើបការណ៍សម្ងាត់គឺមានន័យថា “មិនមែនដើម្បីជួយអ៊ុយក្រែនឱ្យរុញច្រាន ឱ្យកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែអនុញ្ញាតឱ្យមេបញ្ជាការរបស់ខ្លួន តាមដានការពង្រឹងរុស្ស៊ីឱ្យកាន់តែប្រសើរឡើង ដែលអាចវាយប្រហារពួកគេ ឬកាត់ផ្តាច់ការដកទ័ពរបស់ពួកគេ ត្រឡប់ទៅអ៊ុយក្រែនវិញ” ហើយត្រូវបានបញ្ជូនបន្ទាប់ពី ការចាប់ផ្តើមនៃការលុកលុយ។
លោក Whitworth បានផ្តល់យោបល់ថា ប្រភពរបស់ Times បានសំដៅទៅលើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន ចូលប្រើប្រាស់អស់ជាច្រើនឆ្នាំតាមរយៈ Global Enhanced GEOINT Delivery (G-EGD) ដែលជាផ្នែកមួយដែលដំណើរការ ដោយក្រុមហ៊ុនអវកាស Maxar ៕
ប្រែសម្រួលៈ ណៃ តុលា