គៀវ៖ កាលពីថ្ងៃព្រហស្បតិ៍ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា យន្តហោះចម្បាំង F16 ចំនួន ១គ្រឿង បានធ្លាក់ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។
អគ្គសេនាធិការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ថា យន្តហោះចម្បាំង F16 ដែលចូលរួមក្នុងការប្រយុទ្ធបានបំផ្លាញមីស៊ីលចំនួន៤គ្រាប់ ហើយយន្តហោះមួយក្នុងចំណោមយន្តហោះនោះបានបាត់ការទាក់ទងនៅគ្រាដែលចូលទៅជិតគោលដៅបន្ទាប់។
សេចក្តីថ្លែងការណ៍បានដាក់ថា “ដូចដែលវាបានប្រែក្លាយនៅពេលក្រោយ យន្តហោះបានធ្លាក់ ហើយអ្នកបើកយន្តហោះបានស្លាប់” ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃឧប្បត្តិហេតុមួយនេះនោះទេ។
គណៈកម្មការពិសេសនៃក្រសួងការពារជាតិអ៊ុយក្រែន កំពុងធ្វើការនៅកន្លែងកើតហេតុ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះមួយនេះ។
នៅព្រឹកថ្ងៃដដែល កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា ពីឡុត ឈ្មោះ Oleksii Mes ត្រូវបានស្លាប់កាលពីថ្ងៃទី២៦ ខែសីហា ខណៈដែលកំពុងធ្វើការវាយលុកដោយមានការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែន។
កងទ័ពអាកាសមិនបានបញ្ជាក់ ថាតើ លោក Mes គឺជាអ្នកបើកយន្តហោះ F16 នោះទេ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា