បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT និយាយ កាលពីថ្ងៃអាទិត្យថា សាកសពចំណាប់ខ្មាំងចំនួន៦នាក់ ដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ត្រូវបានគេយកមកវិញពីផ្លូវរូង ក្រោមដីក្នុងតំបន់ Rafah នៃភាគខាងត្បូងហ្គាហ្សា។
យោងតាមកងកម្លាំងការពារ អ៊ីស្រាអែល ដែលហៅកាត់ថាIDF បានបង្ហាញបញ្ជីឈ្មោះជនរងគ្រោះ ទាំងនោះដែលមាន ដូចជាលោក Hersh Goldberg-Polin អាយុ ២៣ ឆ្នាំ Eden Yerushalmi អាយុ ២៤ឆ្នាំ Ori Danino អាយុ ២៥ឆ្នាំ Alex Lubnov អាយុ ៣២ ឆ្នាំ Carmel Gat អាយុ ៤០ឆ្នាំ និង Almog Sarusi អាយុ២៥ ឆ្នាំត្រូវបានសម្លាប់ ដោយក្រុមហាម៉ាស ក្នុងរយៈពេលដ៏ខ្លីមុន ពេលយោធារកឃើញពួកគេ។
ដំណឹងនៃការស្លាប់នេះបាននាំមកនូវការអំពាវនាវ ឱ្យមានបាតុកម្មដ៏ធំ ពីសមាគមក្រុមគ្រួសារចំណាប់ខ្មាំង ដែលបានរិះគន់នាយករដ្ឋមន្ត្រី Benjamin Netanyahu ចំពោះការខកខានក្នុងការ យល់ព្រមលើកិច្ចព្រមព្រៀងចំណាប់ខ្មាំង ដើម្បីសន្តិភាពជាមួយក្រុមហាម៉ាសដែលស្ថិតនៅក្រោមការចរចាជាច្រើនខែ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅ តំបន់ហ្គាហ្សាបានផ្ទុះឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើល មួយទៅកាន់ភាគខាងត្បូង អ៊ីស្រាអែលកាលពី១០ខែមុន ដោយបានសម្លាប់ មនុស្សប្រហែល ១,១០០ នាក់ និងចាប់មនុស្សជាង ២០០ នាក់ទៀតធ្វើជាចំណាប់ខ្មាំង។
ក្រោយមកអ្នកខ្លះ ត្រូវបានដោះលែងតាមរយៈការ ដោះដូរអ្នកទោស ឬត្រូវបានជួយសង្គ្រោះដោយកងទ័ពអ៊ីស្រាអែល។ ការឆ្លើយតបរបស់យោធាអ៊ីស្រាអែលដ៏ធំ បានឆក់យកជីវិតមនុស្សជិត៤០,៧០០ នាក់ ខណៈដែលមនុស្ស ៩៤,០៦០នាក់បានរងរបួស នេះបើយោងតាមមន្ត្រី សុខាភិបាលប៉ាឡេស្ទីន៕
ប្រែសម្រួល៖ស៊ុនលី