បរទេស៖ កំណកដុំប្រេងជាច្រើនបានរសាត់មកលើ ច្រាំងដោយសាររលកហើយ ដែលបានរាយប៉ាយតាមឆ្នេរ Nha Trang ដែលលាតសន្ធឹងប្រហែល ៣ គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ្នកទេសចរ និងអ្នកធ្វើដំណើរតាមឆ្នេរ បានរកឃើញដុំប្រេងដែលនៅរាយប៉ាយ លាតសន្ធឹងរាប់សិបម៉ែត្រ រាយប៉ាយនៅលើឆ្នេរពីផ្នែកក្បែរអគារ Tram Huong (វួដ Loc Tho) សួន Tue Tinh និងឧទ្យាន Phu Dong ។
អ្នកស្រី Thuy Diem ជាភ្ញៀវទេសចរមកពីខេត្ត Quang Nam បាននិយាយថា គាត់និងសមាជិកគ្រួសារបួននាក់បានមក Nha Trang ដើម្បីមកដើលេងវិស្សមកាល ក្នុងឱកាសបុណ្យជាតិ។ ព្រឹកនេះបន្ទាប់ពីហែលទឹកនៅជិតអគារ Tram Huong ក្រុមនេះបានជាន់លើស្នាមប្រឡាក់ ប្រេងមួយចំនួនដោយចៃដន្យ។ អ្នកស្រីបានថ្លែងថា៖ «យើងត្រូវសុំសាំងខ្លះពីអ្នកនៅក្បែរនោះដើម្បីអាចសម្អាតប្រេងនេះបាន»។
បុគ្គលិកបរិស្ថាននៅឆ្នេរ Nha Trang បាននិយាយថា ប្រេងមួយចំនួនធំបានរសាត់មកប្រមូលផ្តុំគ្នា នៅឆ្នេរកាលពីព្រឹកម្សិលមិញ ហើយកំណកប្រេងនៅតែមាននៅថ្ងៃនេះ ប៉ុន្តែវាត្រូវបានរាយប៉ាយ និងលាយជាមួយខ្សាច់ ដែលធ្វើឱ្យពិបាកក្នុងការបែងចែកពីចម្ងាយ។ លោកបានបន្តថា៖ «ចាប់តាំងពីម្សិលមិញ មនុស្សរាប់រយនាក់បានត្អូញត្អែរ អំពីការដើរនៅលើដុំប្រេង។
លោក Huynh Binh Thai ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងឈូងសមុទ្រ Nha Trang បាននិយាយថា បន្ទាប់ពីទទួលបានព័ត៌មានពីភ្ញៀវទេសចរ អង្គភាពបានសម្របសម្រួលជាមួយក្រុមហ៊ុន Nha Trang Environment Joint Stock Company ដើម្បីសម្អាតចង្កោមប្រេង ដែលលិចចូលឆ្នេរសមុទ្រ។ លើសពីនេះ ក្រុមប្រឹក្សាក៏បានរាយការណ៍ ទៅមន្ទីរធនធានធម្មជាតិ និងបរិស្ថានក្រុងញ៉ាត្រាង ដើម្បីចាត់ការបន្តផងដែរ។
ជារៀងរាល់ឆ្នាំ ស្ថានភាពកំពប់ប្រេងនេះតែងតែកើតឡើង នៅតាមតំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រ Nha Trang ។ វិស័យពាក់ព័ន្ធនៅតែស៊ើបអង្កេតរកមូលហេតុ ដោយមិនរាប់បញ្ចូលលទ្ធភាពដែលថា ប្រេងបានហៀរចេញពីឆ្នេរសមុទ្រ ហើយបន្ទាប់មកបានរសាត់ទៅឆ្នេរសមុទ្រតាមចរន្តទឹក»។ នេះបើតាមលោក Huynh Binh Thai៕
ប្រែសម្រួលៈ ណៃ តុលា