ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ នៅលើរថភ្លើងនៅអាមេរិក បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់

VN Express

បរទេស៖ អ្នកដំណើរចំនួន៤ នាក់ត្រូវបានបាញ់សម្លាប់ ពេលកំពុងដេកនៅលើរថភ្លើងក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក ។ ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្តែ​គេ​មិន​ដឹង​ពី​មូលហេតុ​ នៃ​ការ​បាញ់​ប្រហារ​នោះ​ទេ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក បានទទួលការហៅទូរស័ព្ទទៅលេខ៩១១ នៅព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញា ហើយបានរកឃើញជនរងគ្រោះចំនួន ៤ នាក់ដែលត្រូវបានបាញ់នៅពេល ពួកគេមកដល់ស្ថានីយ៍រថភ្លើង Forest Park ។ ជនរងគ្រោះទាំងអស់គឺជា អ្នកដំណើរនៅលើរថភ្លើង ដោយអង្គុយឆ្ងាយពីគ្នា ហើយមិនមានសញ្ញានៃការតស៊ូនោះទេ ហើយជាក់ស្តែងគឺត្រូវបានគេបាញ់ប្រហារ ខណៈពេលដែលកំពុងដេក។

ប៉ូលីសបាននិយាយថា “មនុស្ស ៣នាក់ត្រូវបានប្រកាសថា បានស្លាប់នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះទី ៤ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Loyola University ក្នុងទីក្រុង Maywood ប៉ុន្តែក៏បានស្លាប់ផងដែរ” ។

លោក Christopher Chin អនុប្រធានប៉ូលីស Forest Park បាននិយាយថា ការបាញ់ប្រហារបានកើតឡើង នៅក្នុងទូរថភ្លើងពីរខណៈពេល ដែលរថភ្លើងកំពុងធ្វើដំណើរ។ នគរបាល​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ​ដោយ​ផ្អែក​តាម​រូបភាព​តាម​ដាន​ និង​ចាប់ខ្លួន​បាន​ហើយ​ និងកាំភ្លើង​ត្រូវ​បាន​រក​ឃើញ​។

មន្ត្រី Chicago មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ជនរងគ្រោះ និង​ជនសង្ស័យ ឬ​ហេតុផល​នៃ​ការ​វាយប្រហារ​នេះ​ទេ។ សេចក្តីថ្លែងការណ៍របស់ប៉ូលីសទីក្រុង Chicago បាននិយាយថា “នេះហាក់ដូចជាឧបទ្ទវហេតុដាច់ដោយឡែកមួយ ហើយមិនមានការគំរាមកំហែងដែលកើតឡើង ចំពោះសហគមន៍នោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top