បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកគឺ នឹងខិតជិតខ្លាំងមែនទែន ហើយក្នុងការយល់ព្រមលើការដឹកជញ្ជូនមីស៊ីល រយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជាមានការព្រមានម្តងហើយម្តងទៀត ពីទីក្រុងមូស្គូក៏ដោយ។
សព្វាវុធដែលស្ថិតក្នុងផែនការជំនួយនោះគឺឮJoint Air-to-Surface Standoff Missiles (JASSM) ដែលជាអាវុធអាចបំពាក់ បាននៅលើយន្តហោះចម្បាំង F-16 ដែលរចនាដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយ អ្នកឧបត្ថម្ភលោកខាងលិច របស់ខ្លួននាពេលកន្លងមក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ការដាក់បញ្ចូលមីស៊ីល JASSMs នៅក្នុងកញ្ចប់សព្វាវុធថ្មីសម្រាប់ទីក្រុងគៀវ ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញ ជាសាធារណៈនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានកត់សម្គាល់ថា ការពិភាក្សាលើមីស៊ីលទាំងនោះកំពុងបន្តនៅឡើយ ហើយការសម្រេចចិត្តចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយដែរ។
ពួកគេក៏បានអះអាងផងដែរថា ការប្រគល់អាវុធពិតប្រាកដ អាចចំណាយពេល ជាច្រើនខែ ដោយសារអាជ្ញាធរអាមេរិក នឹងត្រូវធ្វើការតាមរយៈព័ត៌មានលម្អិត បច្ចេកទេសនៃជំហានទាំងនោះជាមុនសិន ។
គួរឲ្យដឹងដែរថាមីស៊ីលនេះបង្កើតឡើងដោយ Lockheed Martinហើយមីស៊ីល JASSMនេះ អាចធ្វើឱ្យកងទ័ពរបស់ទីក្រុងគៀវ វាយប្រហារគោលដៅប្រហែល ៣០០គីឡូម៉ែត្រ នៅខាងក្នុងព្រំដែនរុស្ស៊ីឬរហូតដល់ ៥០០គីឡូម៉ែត្រ សម្រាប់ម៉ូដេលមួយចំនួនទៀត។
យ៉ាងណាក្តីវាមិនទាន់មានភាពច្បាស់លាស់ នៅឡើយទេពីរបាយការណ៍មួយណា ក្នុងចំណោមមីស៊ីលទាំងប្រភេទទាំងពីរ ដែលអាមេរិកត្រូវបានគេជឿថា គ្រោងនឹងផ្តល់ឱ្យទីក្រុងគៀវ៕
ប្រែសម្រួល៖ ស៊ុន លី