បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្តួចផ្តើមការបោសសំអាត ជាក់ស្តែងនៃមន្ត្រីជាន់ខ្ពស់ ដោយបណ្តេញអនុប្រធានការិយាល័យ របស់គាត់កាលពីថ្ងៃអង្គារ និងទទួលយកលិខិតលាលែងពីរដ្ឋមន្ត្រីបីរូប ក៏ដូចជាឧបនាយករដ្ឋមន្ត្រី របស់ប្រទេសផងដែរ។
លោក Rostislav Shurma អនុប្រធានការិយាល័យរបស់ Zelensky ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ នេះបើយោងតាមក្រឹត្យដែលបានបង្ហោះ នៅលើគេហទំព័ររបស់ការិយាល័យប៉ុន្តែយ៉ាងណាក្តី គឺពុំមានហេតុផលណាមួយត្រូវបាន ផ្តល់ឱ្យសម្រាប់ការបណ្តេញចេញនេះទេ។
សរសេរនៅលើផេក Facebook បន្តិចក្រោយមក ប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk បាននិយាយថា ឧបនាយករដ្ឋមន្ត្រីសម្រាប់កិច្ចការងារ សមាហរណកម្មអឺរ៉ុប Olga Stefanishina រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ Aleksandr Kamyshin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Denis Maliuski និងរដ្ឋមន្ត្រីការពារបរិស្ថាន Ruslan Strilets បានប្រគល់ លិខិតលាលែងពីតំណែងដូចគ្នាផងដែរ។
ក្នុងនោះដែរប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ក៏បានរាយការណ៍ដោយ ដកស្រង់ប្រភពអនាមិកថា លោក Zelensky ក៏កំពុងពិចារណាលើការ បណ្តេញរដ្ឋមន្ត្រីការបរទេស Dmitry Kuleba និងមន្ត្រីជាច្រើនទៀតផងដែរ។
គួរឲ្យដឹងដែរថា ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី បានចាប់ផ្តើមនៅឆ្នាំ២០២២ លោក Zelensky បានបោសសម្អាតមន្ត្រីជាន់ខ្ពស់យោធា និងនយោបាយជាច្រើននាក់ ហើយជាទៀងទាត់រហូតមក ៕
ប្រែសម្រួល៖ ស៊ុន លី