ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិក Yagi នឹងនាំមកនូវទឹកភ្លៀង និងផ្គររន្ទះមកលើដែនដីឡាវ

photo: Nouthaphone Simmavong

វៀងច័ន្ទ ៖ ការិយាល័យអាកាសធាតុរបស់ប្រទេសឡាវ បានព្រមានដល់ប្រជាជន ទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្ន ចំពោះលទ្ធភាពកើត មានគ្រោះបាក់ដី គ្រោះទឹកជំនន់ និងខ្យល់បោកបក់ខ្លាំង ខណៈព្យុះត្រូពិក Yagi ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀង និងផ្គររន្ទះមកលើប្រទេសឡាវ គិតចាប់ពីថ្ងៃទី៣ ដល់ទី១០ ខែកញ្ញា ។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានឱ្យដឹងថា ព្យុះផ្គររន្ទះ ភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់បោកបក់ខ្លាំង ទំនងជាកើតឡើងនៅភាគខាងជើងខេត្ត Luang Namtha, Bokeo, Oudomxay, Luang Prabang និងXayaboury ។

ភូមិភាគកណ្តាល របស់ប្រទេសឡាវ ក៏អាចរំពឹងថា នឹងមានបាតុភូតផ្គររន្ទះ ភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់កន្រ្តាក់កើតឡើង ផងដែរ ។

ចំណែកនៅភាគខាងត្បូងប្រទេស នឹងមានផ្គររន្ទះ ភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់បោកបក់ខ្លាំងនៅតំបន់មួយចំនួន ។ តំបន់ខ្ពង់រាបក៏អាចរំពឹងថា នឹងមានព្យុះផ្គររន្ទះ ភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់បោកបក់ខ្លាំងទៀតផង ។

ការិយាល័យអាកាសធាតុរបស់ប្រទេសឡាវ បានព្រមានថា រាជធានីវៀងច័ន្ទ នឹងមានភ្លៀងធ្លាក់ចុះ ខ្លាំង ។

គួររំលឹកថា កាលពីខែសីហា ប្រជាពលរដ្ឋប្រមាណ៦០គ្រួសារក្នុងខេត្ត Bolikhamxay បានរងគ្រោះដោយសារទឹកជំនន់ បន្ទាប់ពីទឹកទន្លេមេគង្គបានហក់ឡើងធ្វើឲ្យបាក់ច្រាំង ។ ផ្នែកខ្លះនៃខេត្ត Xayaboury ក៏ត្រូវបានជន់លិចផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារជាង១.៦០០ព្រមទាំងដីស្រែចម្ការ និងសត្វពាហនៈផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top