ប៉ារីស៖ លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានប្រកាសថា កាលពីថ្ងៃអង្គារមានមនុស្សយ៉ាងហោចណាស់ចំនួន ១២នាក់បានស្លាប់ ខណៈកំពុងព្យាយាមឆ្លងកាត់ចូលមក អង់គ្លេសដោយចេញពីប្រទេសបារាំង ។
យោងតាមអាជ្ញាធរដែនសមុទ្របារាំងបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទូកដឹកជនចំណាកស្រុក ត្រូវបានគេរាយការណ៍មកថា បានលិចនៅឆ្នេរសមុទ្រ Cap Gris Nez ក្នុង Pas-de-Calais ។
ប្រតិបត្តិការជួយសង្គ្រោះតាមជើងទឹក និងអាកាស ត្រូវបានដាក់ពង្រាយ ហើយមនុស្សចំនួន ៦៥នាក់ត្រូវបានជួយសង្គ្រោះរួចហើយដែរ ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ហើយចំនួនអ្នកស្លាប់ចុងក្រោយ នឹងត្រូវផ្សព្វផ្សាយនៅពេលល្ងាចនេះ ។
តំបន់ជុំវិញ Calais ស្ថិតនៅភាគខាងជើងនៃប្រទេសបារាំង គឺជាចំណុចចាប់ផ្តើមសម្រាប់ការឆ្លងកាត់ សមុទ្ររយៈចម្ងាយខ្លីបំផុតចូល ទៅកាន់ចក្រភពអង់គ្លេស ហៅកាត់ (UK)។
យោងតាមតួលេខរបស់រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា នៅចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំនេះ ជនចំណាកស្រុកមិនទៀងទាត់សរុបចំនួន ១.៧៥៨នាក់ បានព្យាយាមឆ្លងកាត់ប៉ុស្តិ៍អង់គ្លេស តាមទូកតូចៗដោយគ្មានការអនុញ្ញាត ចូលក្នុងទឹកដីចក្រភពអង់គ្លេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា