វ៉ាស៊ីនតោន ៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន គ្រោងនឹងរារាំងផែនការរបស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយកក្រុមហ៊ុន United States Steel Corp ផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។
វានឹងជាការបដិសេធដ៏កម្រនៃសំណើទិញយកដោយក្រុមហ៊ុនមកពីប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ជាមួយនឹងការបោះឆ្នោតពីកម្មករអាវខៀវ ដែលត្រូវបានគេមើលឃើញថា ជាការរិះគន់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ទាំងលោក បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស បានសម្តែងការប្រឆាំង ចំពោះផែនការគ្រប់គ្រង ដោយមិនបានផ្តល់នូវហេតុផលលម្អិតនោះទេ ។
កាសែត Washington Post បានរាយការណ៍ថា លោក បៃដិន គ្រោងនឹងប្រកាសថា លោកនឹងទប់ស្កាត់ជាផ្លូវការ នូវការទិញយកដោយក្រុមហ៊ុន ផលិតដែកដ៏ធំបំផុតរបស់ប្រទេសជប៉ុន។
ខណៈពេលដែលពេលវេលានៃការប្រកាសរបស់រដ្ឋបាលលោក បៃដិន នៅតែមិនច្បាស់លាស់ កាសែត Financial Times ដោយដកស្រង់ពីមនុស្ស ដែលដឹងពីបញ្ហានេះបានចុះផ្សាយថា គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិកបានប្រាប់ក្រុមហ៊ុន Nippon Steel នាពេលថ្មីៗនេះថា ការទិញយក ដែលបានគ្រោងទុកបានបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ ដែលមិនអាចកាត់បន្ថយបានដោយ អ្នកផលិតទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nippon Steel បានឲ្យដឹងថា ខ្លួនមិនបានទទួលការអាប់ដេតណាមួយលើការត្រួតពិនិត្យរបស់គណៈកម្មាធិការនេះទេ ខណៈពេលដែលកត់សម្គាល់ថា “ចាប់តាំងពីការចាប់ផ្តើមនៃដំណើរការត្រួតពិនិត្យបទប្បញ្ញត្តិមក យើងបានច្បាស់លាស់ជាមួយរដ្ឋបាលថា យើងមិនជឿថាប្រតិបត្តិការនេះបង្កើតឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិណាមួយឡើយ”។
ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Nippon Steel ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែដោះស្រាយឱ្យបានត្រឹមត្រូវនូវនីតិវិធីលើបញ្ហានេះស្របតាមច្បាប់”៕
ប្រែសម្រួល ឈូក បូរ៉ា