សេអ៊ូល ៖ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើង បានថ្កោលទោសទៅលើការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយបានលើកឡើងថា សមយុទ្ធរួមគ្នា “បង្កើនភាពតានតឹង” ដោយយោធានៅលើឧបទ្វីបកូរ៉េ និងបានប្តេជ្ញាថា នឹងបង្កើនសមត្ថភាពការពាររបស់ខ្លួន ដើម្បីធានាសន្តិសុខជាតិ និងសន្តិភាពនៅក្នុងតំបន់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះដោយប្រធានការិយាល័យ ព័ត៌មានសាធារណៈនៃក្រសួងការពារជាតិ ថា កូរ៉េខាងជើង បានរិះគន់ចំពោះការធ្វើសមយុទ្ធយោធា ឈ្មោះថា Ulchi Freedom Shield កាលពីខែមុន ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងថា វាគឺជាសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានយន្តហោះ ចម្បាំងជាង២០០ គ្រឿង និងអង្គភាពកងទ័ពសហរដ្ឋអាមេរិក ដែលបំពាក់ដើម្បីទប់ទល់នឹង ការវាយប្រហារគីមីជីវសាស្ត្រ វិទ្យុសកម្ម និង នុយក្លេអ៊ែរ ។
ទីភ្នាក់ងារ KCNA បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ក៏បានថ្កោលទោស ទៅលើសមយុទ្ធដែលបានធ្វើរួមគ្នា “ដែលមិនប្រុងប្រយ័ត្ន និងបង្កគ្រោះថ្នាក់បំផុត” ដែលបានចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហា ដែលធ្វើ“ការសន្មត់ការឈ្លានពាន ដោយបើកចំហមកលើទឹកដីកូរ៉េខាងជើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា