ព័ត៌មានអន្តរជាតិ

កូនសិស្សសាលា ១៧នាក់ បាត់បង់ជីវិត នៅក្នុងពេលមានអគ្គីភ័យកើតឡើង នៅក្នុងប្រទេសកេនយ៉ា

AFP

កេនយ៉ា៖ ប៉ូលិសក្នុងតំបន់បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃសុក្រនេះថា កាលពីយប់ថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានកូនសិស្សសាលាចំនួន ១៧នាក់បានបាត់បង់ជីវិត និង១៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ ក្រោយពីមានអគ្គីភ័យបានឆាបឆេះឡើង នៅឯសាលារៀនមួយកន្លែង នៅកណ្តាលនៃប្រទេសកេនយ៉ា ។

លោក Resila Onyango អ្នកនាំពាក្យសេវាប៉ូលិសជាតិ បានឲ្យដឹងថា កូនសិស្សសាលាចំនួន១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានការរលាកភ្លើងធ្ងន់ធ្ងរបន្ទាប់ពី បន្ទប់ស្នាក់នៅរបស់ពួកគេត្រូវបាន ភ្លើងឆេះនៅសាលាបឋមសិក្សា Hillside Endarasha ក្នុងទីក្រុង Nyeri ។ ម្នាក់បានស្លាប់បន្ទាប់ពី បានបញ្ជូនទៅដល់មន្ទីរពេទ្យ ។

លោក Onyango បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា “យើងកំពុងស៊ើបអង្កេតរកមើលពី មូលហេតុនៃការឆាបឆេះនេះ និងចាត់វិធានការជាចាំបាច់” ។ គិតរហូតមកដល់ពេលនេះ យើងមានសិស្សសាលា ១៧នាក់បានស្លាប់បាត់បង់ជីវិត ។

សាក្សីបានឲ្យដឹងថា អន្តេវាសិកដ្ឋានមួយកន្លែងនៅក្នុងចំណោម អគារស្នាក់នៅរបស់ សិស្សសាលាត្រូវបានបំផ្លាញ ដែលបង្កឱ្យមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះដ៏រន្ធត់នេះ អាចនឹងកើនឡើងថែមទៀត ។

ប៉ូលិសក្នុងតំបន់បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមជួយសង្គ្រោះកំពុងស្ថិតនៅ កន្លែងកើតហេតុនៅឡើយ ដើម្បីគ្រប់គ្រងស្ថានការណ៍នៃអគ្គីភ័យនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top