ព័ត៌មានអន្តរជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ផ្តល់អនុសាសន៍ ណែនាំសំខាន់ ស្តីពីការងារជួយសង្គ្រោះ គ្រោះមហន្តរាយព្យុះទីហ្វុង នៅខេត្ត Hainan និងខេត្ត Guangdong ជាដើម

ព្យុះទីហ្វុងទី១១ ឈ្មោះថា Yagi នៅឆ្នាំនេះ បានបោកបក់នៅលើទីក្រុង Wenchang ខេត្ត Hainan និងស្រុក Xuwen ខេត្ត Guangdong ប្រទេសចិនកាលពីថ្ងៃទី ៦ ខែកញ្ញា ដែលបណ្តាលឱ្យរងគ្រោះ មហន្តរាយយ៉ាងធ្ងន់ធ្ងរ អ្នកប្រើប្រាស់ជាច្រើន បានដាច់អគ្គិសនី និងសេវាទូរគមនាគមន៍ ហើយផ្ទះមួយចំនួន ត្រូវរងការខូចខាតនិងដួលរលំ ។

គិតរហូតដល់ម៉ោង ១២:00 ថ្ងៃទី៧ ខែកញ្ញា ព្យុះនេះ បានបណ្តាលឱ្យ ប្រជាជនជាង ១២២ ម៉ឺននាក់រងគ្រោះ ក្នុងកម្រិតផ្សេងៗ គ្នានៅក្នុងខេត្ត Hainan, Guangdong និង Guangxi ក្នុងនោះមានមនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត និង ៩៥ នាក់ផ្សេងទៀតរងរបួស ។

បន្ទាប់ពីកើតគ្រោះមហន្តរាយ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ ណែនាំសំខាន់ថា ត្រូវប្រមូលកម្លាំង ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយជាបន្ទាន់ និងធ្វើការងារជម្លៀស ជនរងគ្រោះឱ្យបានសមរម្យ បង្ការកុំឱ្យកើតឡើង គ្រោះមហន្តរាយ បន្ទាប់បន្សំ ខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយចំនួន មនុស្សស្លាប់បាត់បង់ជីវិត និងរងរបួស ។ ត្រូវជួសជុលឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យគមនាគមន៍ អគ្គិសនីនិង ទូរគមនាគមន៍ជាដើម ធ្វើការងារស្តាឡើងវិញ យ៉ាងសកម្ម បន្ទាប់ពីគ្រោះមហន្តរាយ ស្ដារផលិតកម្ម និងធ្វើឱ្យប្រជាជន មានជីវភាពជា ប្រក្រតីឡើងវិញ ក្នុងពេលឆាប់ៗ ដើម្បីធានាជាក់ លាក់នូវសុវត្ថិភាព អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ។

អគ្គបញ្ជាការដ្ឋានជាតិ បង្ការទឹកជំនន់និងប្រយុទ្ធ ប្រឆាំងនឹងគ្រោះរាំងស្ងួតរបស់ចិន បានចាត់បញ្ជូនក្រុមការងារទៅកាន់ខេត្ត Hainan និង Guangdong ដើម្បីណែនាំការងារជួយសង្គ្រោះ ។ ពេលបច្ចុប្បន្ន អគ្គិសនីនិងសេវាទូរគមនាគមន៍ មួយចំនួនបានដំណើរការឡើងវិញ ហើយគ្រប់ការងារជួយសង្គ្រោះ កំពុងដំណើរការវិវឌ្ឍទៅមុខ។

To Top