ព័ត៌មានអន្តរជាតិ

Update៖ ព្យុះទីហ្វុង វាយប្រហារនៅវៀតណាម បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង២៥០នាក់

xinhua

ហាណូយ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា កាលពីល្ងាចថ្ងៃអាទិត្យ ព្យុះទីហ្វុង Yagi បានបោកបក់ឆ្លងកាត់តំបន់ភ្នំនៅភាគខាងជើងនៃប្រទេសវៀតណាម ដែលបានកើតឡើងកាលពីចុង  សប្តាហ៍កន្លងទៅនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២១នាក់ និងចំនួន២២៩នាក់ផ្សេងទៀតបានរងរបួស ។


អ្នកស្លាប់រួមមាន ចំនួន៥នាក់មកពីខេត្តមាត់សមុទ្រ Quang Ninh ចំនួន២នាក់មកពីទីក្រុង Hai Phong ម្នាក់មកពីទីក្រុង Hai Duong ម្នាក់មកពីរដ្ឋធានីហាណូយ ចំនួន៤នាក់មកពីខេត្ត Hoa Binh ម្នាក់មកពីខេត្ត Yen Bai ម្នាក់មកពីខេត្ត Lang Son និងចំនួន៦នាក់មកពីខេត្ត Lao Cai ។

មនុស្សចំនួន៦នាក់បានស្លាប់នៅខេត្ត Lao Cai ត្រូវបានកប់ក្នុងពេលមានគ្រោះបាក់ដីដែលបានកើតឡើងកាលពីថ្ងៃត្រង់ក្នុងទីប្រជុំជន Sa Pa ។

ដីភ្នំកម្ពស់២០ម៉ែត្រស្រាប់តែបាក់ធ្លាក់ចុះនៅវេលាម៉ោង១រសៀល ។ ក្នុងពេលមានភ្លៀងធ្លាក់ចុះខ្លាំងបានបោកបក់កាត់ឃុំ Muong Hoa ដែលមានប្រជាពលរដ្ឋចំនួន២៦នាក់រស់នៅក្នុងផ្ទះចំនួន៤ខ្នង ។

មនុស្សចំនួន៥នាក់បានរត់គេចខ្លួន ចំនួន១៧នាក់ផ្សេងទៀតត្រូវបានកប់ដោយល្បាប់ភក់ និងសំណង់ផ្ទះដែលបាក់ស្រុត ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា គិតត្រឹមម៉ោង៣និង៣០នាទីរសៀល សាកសពចំនួន៦នាក់ត្រូវបានរកឃើញក្នុងនោះមានស្ត្រីវ័យ៦៨ឆ្នាំម្នាក់ ក្មេងប្រុសអាយុ១ឆ្នាំ និងទារកម្នាក់ ។

យោងតាមការិយាល័យស្ថិតិទូទៅទាំងប្រទេសវៀតណាម បានឲ្យដឹងថា គ្រោះធម្មជាតិ ដែលភាគច្រើនបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដី បានបណ្តាលឱ្យមនុស្សចំនួន១៤៧នាក់ស្លាប់ និងបាត់ខ្លួន និងចំនួន១០៤នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសវៀតណាម នៅក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ៕

To Top