ហ្សាកាតា៖ ក្រសួងថាមពល និងធនធានរ៉ែ បានប្រកាសថា ប្រទេសឥណ្ឌូនេស៊ី នឹងបង្កើតអង្គការអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរ (NEPIO) នៅឆ្នាំនេះ។
ផែនការបង្កើត NEPIO ដែលមានគោលដៅសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ២៥០ មេហ្គាវ៉ាត់នៅឆ្នាំ២០៣២ នឹងត្រូវបានបង្ហាញដោយក្រសួងទៅកាន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនៅទីក្រុងវីយែន ប្រទេសអូទ្រីសនៅសប្តាហ៍ក្រោយ។
លោក Eniya Listiani Dewi អគ្គនាយកនៃថាមពលកកើតឡើងវិញ និងការអភិរក្សថាមពលនៅក្រសួងបានឲ្យដឹងថា “NEPIO នឹងទទួលខុសត្រូវលើការកំណត់អត្តសញ្ញាណផែនការ ត្រួតពិនិត្យការសាងសង់ និងការបង្កើតបទប្បញ្ញត្តិសម្រាប់សន្តិសុខនៃកន្លែងនុយក្លេអ៊ែរ ដើម្បីធានាបាននូវប្រតិបត្តិការដ៏ល្អប្រសើររបស់ពួកគេ” ។
ទន្ទឹមនឹងនេះ លោក Harris ដែលជាប្រធានមជ្ឈមណ្ឌល សម្រាប់ការអង្កេត និងធ្វើតេស្តអគ្គិសនីរបស់ក្រសួង បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ក៏នឹងផលិតសារធាតុអ៊ុយរ៉ាញ៉ូមក្នុងស្រុកផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងរៀបចំតម្រូវការចាំបាច់ទាំងអស់សម្រាប់ផែនការនេះ រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា