ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ១៤៤ គ្រឿងវាយប្រហារភាគខាងលិចរុស្ស៊ី សម្លាប់មនុស្សម្នាក់ និងរបួស ៣នាក់

Afp

បរទេស៖ យោធារុស្ស៊ីបាននិយាយនៅថ្ងៃអង្គារថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៤៤ គ្រឿងដែលបានបើកក្នុងការវាយប្រហារពេលយប់ ដែលផ្តោតលើតំបន់នានាទូទាំងភាគខាងលិចប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កងការពារអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿងលើតំបន់មូស្គូ ដែលអភិបាលខេត្ត Andrey Vorobyov បាននិយាយថា យន្តហោះគ្មានមនុស្សបើកបានបំផ្លាញអគារផ្ទះល្វែង និងផ្ទះនៅ Lyubertsy និង Ramenskoye ។ លោក Vorobyov បាននិយាយនៅលើបណ្តាញ Telegram ថា ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបីនាក់ផ្សេងទៀតរងរបួស។

ការស្ទាក់ចាប់ភាគច្រើនបានធ្វើឡើងនៅតំបន់ Bryansk តាមបណ្តោយព្រំដែនរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែមន្ត្រីនៅទីនោះបានរាយការណ៍ថា មិនមានការខូចខាត ឬអ្នកស្លាប់នោះទេ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកចំនួន ៧២ គ្រឿងត្រូវបានបាញ់ទម្លាក់។

កងការពារដែនអាកាសរុស្ស៊ីក៏បានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនពីលើតំបន់ Kursk, Tula, Belgorod, Kaluga, Voronezh, Lipetsk និង Oryol ។ អភិបាលក្នុងតំបន់ភាគច្រើនទាំងនោះបាននិយាយតាម Telegram ថា មិនមានរបាយការណ៍អំពីការស្លាប់និងរបួសនោះទេ។

ការវាយប្រហារតាមផ្លូវអាកាសចុងក្រោយបង្អស់របស់រុស្ស៊ីលើអ៊ុយក្រែន រួមមានការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសំដៅលើតំបន់ Kyiv ដែលរងការវាយប្រហារម្តងហើយម្តងទៀតក្នុងខែនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top