បរទេស៖ ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារមួយចំនួនដូចជាប្រទេសថៃ ហុងកុង និងកូរ៉េខាងត្បូង បានកើនឡើងពីរខ្ទង់ ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិននៅតែជាអ្នកទិញធំបំផុត របស់វៀតណាម ខណៈដែលការនាំចេញបានកើនឡើងជិត ៥៣ភាគរយ ដែលកើនដល់ ១,៤៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៩២ភាគរយនៃការដឹកជញ្ជូនទាំងអស់។
ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយនឹងប្រាក់ ៦៥លានដុល្លារ កើន៥១ភាគរយ ដោយតាមពីក្រោយដោយហុងកុង ១៩លានដុល្លារកើន២៤ភាគរយ។ មានការកើនឡើងយ៉ាងហោចណាស់ ៥០ភាគរយ ក្នុងការនាំចេញទៅកាន់កូរ៉េខាងត្បូង ប៉ាពួញូហ្គីណេ ជប៉ុន និងកម្ពុជា ដោយការនាំចេញសរុបក៏កើនឡើង ៥០ភាគរយ ដល់ ១,៦ ពាន់លានដុល្លារ។
លោកស្រី Ngo Tuong Vy នាយកប្រតិបត្តិក្រុមហ៊ុននាំចេញផ្លែឈើ Chanh Thu បាននិយាយថា ទុរេនវៀតណាមមានតម្លៃប្រកួតប្រជែង ជាងផ្លែទុរេនមកពីប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន។ ក្រុមហ៊ុនរបស់លោកស្រីបានមើលឃើញថា ការនាំចេញកើនឡើង ៣០% នៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃទិន្នផលរបស់ថៃ ដោយសារអាកាសធាតុមិនអំណោយផល។
វៀតណាមបាននាំចេញទុរេនក្នុងតម្លៃ ២,៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដោយ៩០ ភាគរយនៃផ្លែទុរេនត្រូវបាននាំទៅប្រទេសចិន ៕