បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir PUtin នឹងមិនចូលរួមសម័យប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅឆ្នាំនេះទេ ដោយលើកឡើងថាសហរដ្ឋអាមេរិក មិនសមជាម្ចាស់ផ្ទះសមរម្យ សម្រាប់ព្រឹត្តិការណ៍បែបនេះឡើយ។
មហាសន្និបាតអង្គការសហប្រជាជាតិ នឹងចាប់ផ្តើមបើកនៅថ្ងៃអង្គារ ហើយនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាហើយ វានឹងបញ្ចប់សប្តាហ៍នៃព្រឹត្តិការណ៍ កម្រិតខ្ពស់នៅចន្លោះថ្ងៃទី ២៣ និង ២៧ ខែកញ្ញា ដែលនឹងមានសុន្ទរកថា របស់មេដឹកនាំពិភពលោកជាច្រើនរួមទាំង ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron ។
លោក Vladimir Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែន ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមនិងថ្លែងសុន្ទរកថា នៅថ្ងៃទី ២៥ខែកញ្ញាផងដែរ។
ការអត្ថាធិប្បាយលើការចូលរួមរបស់ទីក្រុងមូស្គូ លោក Peskov បានផ្តល់លើកឡើងបែបនេះថា៖ លោក Putin នឹងមិនមានគម្រោងហោះហើរ ទៅកាន់ទីក្រុងញូវយ៉កទេ។ គាត់មិនបានទៅទីនោះទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្តថា សហរដ្ឋអាមេរិកគឺជាប្រទេសដែល មិនបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃ ទីស្នាក់ការអង្គការសហប្រជាជាតិ តាមរបៀបដ៏ល្អបំផុត។ ដូច្នេះ វាប្រហែលជាមិនមែនជាកន្លែងដែលល្អបំផុត ក្នុងការធ្វើដំណើរឥឡូវនេះទេ។
គួរឲ្យដឹងដែរថាលើកចុងក្រោយដែលលោក Putin បានថ្លែងសុន្ទរកថាផ្ទាល់ ក្នុងសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិគឺនៅក្នុងឆ្នាំ២០១៥ ខណៈពេលដែលនៅឆ្នាំ ២០២០ លោកបានថ្លែងសុន្ទរកថាដែលបានកត់ត្រាទុកមុន នៅក្នុងព្រឹត្តិការណ៍នោះដែរ ៕
ប្រែសម្រួល៖ ស៊ុន លី